ប្រ៊ុយណេ៖ ព្រះមហាក្សត្រប្រ៊ុយណេ Sultan Hassanal Bolkiah ទ្រង់បានធ្វើជាព្រះរាជាធិបតីក្នុងការបើកជំនួបកំពូល នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅថ្ងៃចន្ទនេះតាម Video Conference។ ការបើកកម្មវិធីរបស់ព្រះអង្គពុំបានលើកឡើងពីបញ្ហានានា ទាក់ទងនឹងឧត្ដមសេនីយ៍ជាន់ខ្ពស់របស់សហភាពមីយ៉ាន់ម៉ាដែលត្រូវបានដកឈ្មោះចេញពីជំនួបនេះទេ តែទ្រង់បានផ្ដោតលើការពិភាក្សាពីភាពធូរស្រាលពីវីរុសរាតត្បាតសកល COVID-19 និងការឆ្ពោះទៅមុខជាមួយនឹងការរួបរួមគ្នា។
ព្រះអង្គមានព្រះរាជបន្ទូលថា ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិនេះវាសំខាន់ជាងអាស៊ាន និងដៃគូរផ្ទាល់របស់ខ្លួនដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។ ឧត្ដមសេនីយ៍ជាន់ខ្ពស់របស់សហភាពមីយ៉ាន់ម៉ា ដែលកងកម្លាំងរបស់ខ្លួនបានដណ្ដើមអំណាចកាលពីខែកុម្ភៈ និងបានប៉ះពាល់ដល់ការផ្លាស់ប្ដូរប្រជាធិបតេយ្យដ៏ធំបំផុតមួយរបស់អាស៊ី ត្រូវបានដកចេញមិនឲ្យចូលរួមដោយសារតែការបដិសេធមិនចាត់វិធានការ បញ្ចប់អំពើហិង្សាដ៏បង្ហូរឈាមដែលប្រទេសនេះកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
សហភាពមីយ៉ាន់ម៉ាដឹកនាំដោយរបបសឹកបានតវ៉ាយ៉ាងដាច់ណាត់ ប្រឆាំងនឹងការដកឈ្មោះឧត្ដមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ដែលដឹកនាំរដ្ឋាភិបាល និងគ្រប់គ្រងក្រុមប្រឹក្សាយោធាបច្ចុប្បន្នមិនឲ្យចូលរួមជំនួបនោះ។ អាស៊ានពុំបានទទួលស្គាល់មេដឹកនាំយោធាទេ បើទោះបីជាសហភាពមីយ៉ាន់ម៉ានៅតែជាសមាជិកក៏ដោយ។ គួរឲ្យដឹងថា ប្រទេសប្រ៊ុយណេដែលបច្ចុប្បន្នដឹកនាំប្លុកប្រទេសជាសមាជិកទាំង១០ នឹងធ្វើជាម្ចាស់ផ្ទះនៃជំនួបរយៈពេល ៣ថ្ងៃតាមវីដេអូដោយសារក្ដីបារម្ភពីការឆ្លងរាតត្បាតវីរុសកូរ៉ូណានៅតែបន្ត៕
អត្ថបទ៖ សុខមាន