នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីចាំផ្ទះលីបង់លោក Najib Mikati បានអំពាវនាវឲ្យអ៊ីស្រាអែលប្តេជ្ញាចិត្តឲ្យបានពេញលេញ និងដកទ័ពចេញពីតំបន់ទាំងអស់ និងតំបន់ឈរជើងដែលពួកគេកាន់កាប់ រយៈពេលប៉ុន្មានម៉ោង ក្រោយបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចូលជាធរមាន ។
លោក Mikati បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ប្រជាពលរដ្ឋរបស់ពួកយើង មានសិទ្ធិវិលត្រឡប់ទៅកាន់ដីរបស់ពួកគេវិញ និងទីក្រុងរបស់ពួកគេវិញ ហើយនិងរស់នៅដោយសនិ្តភាព ។
បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានកើតមានឡើង ក្រោយពេលភាគីទាំង ២ ព្រមទទួលយកកិច្ចព្រមព្រៀងរៀបចំឡើងដោយសហរដ្ឋអាមេរិក និងបារាំង ដែលជាជ័យជំនះដ៏កម្រមួយសម្រាប់វិស័យការទូតក្នុងតំបន់មជ្ឈិមបូព៌ា ដែលរង្គោះរង្គើរដោយសារសង្រ្គាមចំនួន ២ ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ។
កងទ័ពលីបង់ដែលមានភារកិច្ចធានាដល់បទឈប់បាញ់ជាយូរអង្វែងនោះ និយាយថា ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការដាក់ពង្រាយទៅកាន់តំបន់ភាគខាងត្បូងលីបង់ គឺជាតំបន់ដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្រ្គាមជាមួយក្រុមជីវពលហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ នៅតាមទីក្រុងភាគខាងកើត ហើយនិងតំបន់កាន់កាប់របស់ក្រុមហេសបូឡា ស្ថិតនៅតំបន់ជាយក្រុងទីក្រុងបេរូត ៕

