តំបន់ជាច្រើននៅប្រទេសស្រីលង្កា រងការជន់លិចនៅថ្ងៃពុធនេះ ក្រោយភ្លៀងធ្លាក់ និងខ្យលបក់ខ្លាំង បានវាយប្រហារប្រទេសកោះនៅអាស៊ីខាងត្បូងមួយនេះ ក្នុងរយៈពេល ២ថ្ងៃចុងក្រោយ ។
ក្រុមនគរបាល និយាយថា មនុស្ស ៨នាក់ កំពុងបាត់ខ្លួន ក្រោយត្រាក់ទ័រដែលពួកគេជិះ ត្រូវបានទឹកហូរនាំយកទៅនៅតំបន់ភាគខាងកើតស្រីលង្កា ខណៈដែលស្រ្តីម្នាក់ បានស្លាប់ក្រោយពេលកប់ក្នុងបំណាក់ភក់ ។
យោងតាមការអះអាងរបស់ក្រសួងឧតុនិយមស្រីលង្កា បានឲ្យដឹងថា រលកសំពាធទាបដែលកកើតនៅឆកសមុទ្របឹងហ្គាល់ ត្រូវបានគេរំពឹងថា នឹងកើនកម្លាំងក្លាយជាព្យុះស៊ីក្លូន ហើយនិងបោកបក់ដល់ដីគោលនៅតំបន់ឆ្នេរភាគខាងកើតប្រទេសស្រីលង្កានាថ្ងៃព្រហស្បតិ៍ស្អែក ។
ក្រសួងឧតុនិយមនិយាយថា ឥទ្ធិពលរបស់ព្យុះស៊ីក្លូន នឹងថមថយទៅវិញនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ៕


