នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នៅថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) នេះ បាននិយាយថា លោកនឹងជំរុញឲ្យបណ្ដាប្រទេសបាល់ទិក និងប្រទេសអឺរ៉ុបខាងជើង ចាត់វិធានការរួមគ្នា ទាក់ទងនឹងសន្តិសុខនៃដែនទឹកសមុទ្របាល់ទិក ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃទៅកាន់ប្រទេសស៊ុយអែត។
នៅចំពោះមុខការកើនឡើងនូវភាពតានតឹងនៃជម្លោះ នៅប្រទេសអ៊ុយក្រែន ប្រទេសសមាជិករបស់អង្គការណាតូ កំពុងចាត់វិធានការរួមគ្នា ដើម្បីការពារខ្លួន ក្នុងនោះរួមទាំងការគ្រប់គ្រងរួមគ្នានៃដែនអាកាសលើបណ្តាប្រទេសបាល់ទិក ក្នុងក្របខ័ណ្ឌនៃអ្វីដែលគេហៅ ថា «ការល្បាតដែនអាកាស»។
លោក Tusk បាននិយាយថា៖ «ខ្ញុំនឹងបញ្ចុះបញ្ចូលដៃគូរបស់យើង អំពីតម្រូវការ ក្នុងការបង្កើតរូបមន្តស្រដៀងគ្នាជាបន្ទាន់ នៅពេលនិយាយពាក់ព័ន្ធទៅនឹងការគ្រប់គ្រង និងសន្តិសុខនៃដែនទឹកបាល់ទិក នោះគឺ «ការល្បាតជើងទឹក» ជាកិច្ចការរួមរបស់ប្រទេសដែលស្ថិតនៅលើសមុទ្របាល់ទិក និងដែលមានអារម្មណ៍ទទួលបានការគំរាមកំហែងដូចគ្នា នៅពេលនិយាយពាក់ព័ន្ធដល់រុស្ស៊ី»។
គួរបញ្ជាក់ថា លោក Tusk នឹងចូលរួមក្នុងកិច្ចប្រជុំរបស់នាយករដ្ឋមន្ត្រីនៃប្រទេសបាល់ទិក និងអឺរ៉ុបខាងជើង នៅថ្ងៃពុធនេះ និងថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) ហើយនឹងជួបជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson។ កិច្ចពិភាក្សានេះនឹងគ្របដណ្តប់លើទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក កិច្ចសហប្រតិបត្តិការក្នុងតំបន់ ស្តីពីសន្តិសុខ និងគោលនយោបាយរួមគ្នា ឆ្ពោះទៅរកសង្គ្រាម នៅអ៊ុយក្រែន៕

