បារាំងចង់ឲ្យបទឈប់បាញ់រវាងភាគីសង្រ្គាមអ៊ីស្រាអែល និងហេសបូឡា ក្លាយជាជោគជ័យវិស័យការទូត ហើយទីក្រុងប៉ារីស បានត្រៀមខ្លួនរួចរាល់ក្នុងការរួមចំណែកកិច្ចខិតខំដែលនាំឲ្យបញ្ឈប់អរិភាពជារៀងរហូត ។
បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានកើតមានឡើង ក្រោយពេលភាគីទាំង ២ ព្រមទទួលយកកិច្ចព្រមព្រៀងរៀបចំឡើងដោយសហរដ្ឋអាមេរិក និងបារាំង ដែលជាជ័យជំនះដ៏កម្រមួយសម្រាប់វិស័យការទូតក្នុងតំបន់មជ្ឈិមបូព៌ា ដែលរង្គោះរង្គើរដោយសារសង្រ្គាមចំនួន ២ ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ។
អ្នកស្រី Maud Bregeon គឺជាអ្នកនាំពាក្យរដ្ឋាភិបាលបារាំង បាននិយាយប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉ារីសថា ជាលើកដំបូងក្នុងរយៈពេលដ៏យូរដែលលីបង់ភ្ញាក់ឡើងនៅព្រឹកនេះ ឮសំឡេងស្ងប់ស្ងាត់ ។ នេះគឺជាជោគជ័យវិស័យការទូត ដែលបារាំងបានរួមចំណែកដ៏សំខាន់ ដូច្នេះហើយពួកយើង មានមោតនភាពចំពោះជោគជ័យមួយនេះ ។
អ្នកស្រីបន្តថា បារាំងនឹងបន្តគាំទ្រកងទ័ពលីបង់ និងកិច្ចខិតខំរបស់ក្រុមរក្សាសន្តិភាព UNIFIL នៅប្រទេសលីបង់ និងជំរុញឲ្យទីក្រុងបេរូត ស្វែងរកដំណោះស្រាយនយោបាយ ឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី និងផែនការងើបសេដ្ឋកិច្ចឡើងវិញ ។
កងទ័ពលីបង់ដែលមានការងាជួយឲ្យមានបទឈប់បាញ់ជារៀងរហូតនិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃពុធនេះថា ពួកគេត្រៀមខ្លួនដាក់ពង្រាយទៅកាន់តំបន់ភាគខាងត្បូងប្រទេសលីបង់ ។ យោធាលីបង់ បានស្នើសុំឲ្យពលរដ្ឋរស់នៅតាមភូមិជាប់ព្រំដែនពន្យាពេលការវិលត្រឡប់ទៅផ្ទះសិន រហូតដល់យោធាអ៊ីស្រាអែលដែលធ្វើសង្រ្គាមជាមួយក្រុមហេសបូឡាជាច្រើនលើកច្រើនសារ និងរុលចូលទឹកដីលីបង់ជម្រៅ ៦គ.ម ដកទៅវិញអស់ ៕