មេដឹកនាំគណបក្សប្រឆាំង លោក Sali Berisha ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះ បន្ទាប់ពីមានសេចក្តីសម្រេចពីតុលាការអាល់បានី នៅថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) នេះ ខណៈដែលរូបលោកកំពុងរង់ចាំសវនាការ ពាក់ព័ន្ធនឹងបទចោទប្រកាន់ពុករលួយ ស្របពេលដែលការតវ៉ារបស់ប្រជាជនប្រឆាំងនឹងការឃុំខ្លួនលើរូបលោក បានមានកាន់តែខ្លាំងឡើងៗ។
លោក Berisha វ័យ ៨០ឆ្នាំ ត្រូវបានឃុំខ្លួនតាំងពីខែធ្នូ ឆ្នាំ២០២៣ ហើយត្រូវបានចោទប្រកាន់ ក្នុងខែកញ្ញា នៅពេលដែលរដ្ឋអាជ្ញាបានដាក់ការចោទប្រកាន់ ដោយចោទលោកថា បានប្រើឥទ្ធិពលរបស់ខ្លួន ក្នុងអាណត្តិដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រី រវាងឆ្នាំ ២០០៥-២០០៩ ដើម្បីជួយឲ្យកូនប្រសារឈ្នះការដេញថ្លៃកិច្ចសន្យាសាងសង់ដែលផ្ដល់ផលកម្រៃយ៉ាងច្រើន។
លោក Berisha ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ បានបដិសេធការចោទប្រកាន់នេះ ហើយនិយាយថា ការចោទទាំងនោះ ជាផ្នែកមួយនៃការសងសឹកនយោបាយលើរូបលោក ដោយគណបក្សកាន់អំណាច។
ការឃុំខ្លួនក្នុងផ្ទះរបស់លោក បានបង្កឲ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាលជាទៀងទាត់ ក្នុងនោះរួមទាំងការតវ៉ា កាលពីថ្ងៃអង្គារផងដែរ ជាពេលដែលនគរបាលបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុកររាប់រយនាក់ដែលបានបិទផ្លូវសំខាន់ៗ ក្នុងរដ្ឋធានី Tirana៕