ជនប៉ាស្ទីនជម្លៀសខ្លួននៅក្នុងទីក្រុង Khan Younis បាននិយាយនៅថ្ងៃពុធនេះថា ពួកគេមានអារម្មណ៍ទាំងសប្បាយចិត្ត និងខកចិត្ត ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចូលជាធរមាននៅប្រទេសលីបង់ ។
ស្របពេលដែលមនុស្សភាគច្រើនស្វាគមន៍កិច្ចព្រមព្រៀងសម្រាប់លីបង់ ពួកគេនិយាយថា ជម្លោះនៅបន្តក្នុងតំបន់ហ្កាហ្សា ធ្វើឲ្យពួកគេប្រឈមនឹងស្ថានភាពខ្លួនឯង ។
ហ្វូងមនុស្សត្រូវបានគេមើលឃើញជួបជុំគ្នានៅខាងក្រៅហាងដុតនំ ស្ថិតក្នុងទីក្រុង Khan Younis ដើម្បីដណ្តើមនំបុ័ងគ្នា ខណៈដែលអ្នកផ្សេងដងទឹកបំពេញធុងរបស់ពួកគេ ។
លោក Hashem Abu Olba គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីទីក្រុងហ្កាហ្សា និយាយថា ការពិត ខ្ញុំសប្បាយចិត្តជំនួសពួកគេ គឺពលរដ្ឋលីបង់ ប៉ុន្តែក្នុងពេលតែមួយនេះ ខ្ញុំមានអារម្មណ៍ខកចិត្ត ដោយសារតែពួកគេទុកពួកយើងចោលតែឯង ។
លោក Manar Al-Najjar គឺជាពលរដ្ឋហ្គាហ្សាជម្លៀសខ្លួនមួយរូបទៀត និយាយដែរថា មនុស្សនៅតំបន់ហ្កាហ្សាហត់នឿយខ្លាំងណាស់ ។
បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមចលនាហេសបូឡាលីបង់ បានចូលជាធរមាននៅថ្ងៃពុធនេះ ក្រោយភាគីទាំង ២ ព្រមទទួលយកកិច្ចព្រមព្រៀងរៀបចំឡើងដោយសហរដ្ឋអាមេរិក និងបារាំង ប៉ុន្តែកិច្ចខិតខំអន្តរជាតិ ដើម្បីបញ្ឈប់សង្រ្គាមរយៈពេល ១៣ខែរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល នៅដែនដីហ្កាហ្សា បានជាប់គាំង ។
ដោយពុំមានកិច្ចព្រមព្រៀងស្រដៀងនៅក្នុងតំបន់ហ្កាហ្សា អ្នកស្រុកភាគច្រើននិយាយថា ពួកគេមានអារម្មណ៍ថាដូចត្រូវបានគេបោះបង់ចោល ។
ក្រុមគ្រូពេទ្យនៅទីនោះ និយាយថា នៅក្នុងអំពើហិង្សាចុងក្រោយ ការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស ១៥នាក់ នាថ្ងៃពុធនេះ ដែលភាគច្រើននៃអ្នកស្លាប់នៅក្នុងសាលារៀនដែលផ្តល់ជាជម្រកដល់មនុស្សជម្លៀសខ្លួន ៕