ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី បានចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា។
ពិធីចុះហត្ថលខានេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី សលលី ឃូថែន (Sally Curtain) នាយិកាប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី។
ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា តាមរយៈអនុស្សរណៈនៃការយោគយល់នេះ បង្ហាញអំពីទំនាក់ទំនង និងភាពជាដៃគូកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសកិច្ចសហប្រតិបត្តិការនេះនឹងលើកកម្ពស់វិស័យ TVET នៅកម្ពុជា និងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាប្រកបដោយជំនាញខ្ពស់ក្នុងវិស័យយានយន្ត។
ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈបទពិសោធន៍ និងគុណភាពក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់វិទ្យាស្ថាន ដែលត្រូវបានទទួលស្គាល់ជាយូរឆ្នាំមកហើយនៅក្នុងប្រទេសអូស្ត្រាលី នឹងមិនត្រឹមតែចូលរួមអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស TVET នៅកម្ពុជាស្របតាមស្តង់ដាអន្តរជាតិប៉ុណ្ណោះទេ តែក៏នឹងចូលរួមអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាប្រកបដោយជំនាញខ្ពស់លើវិស័យយានយន្ត ដោយនឹងមានការទទួលស្គាល់សមត្ថភាពពីទីផ្សារការងារអន្តរជាតិផងដែរ។
លោកស្រី សលលី ឃូថែន (Sally Curtain) បានគូសបញ្ជាក់ថា តាមរយៈមជ្ឈមណ្ឌលឧត្តមភាពយានយន្ត (Automotive Center of Excelence) ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន Bendigo Kangan ជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា នឹងចូលរួមបណ្តុះបណ្តាលលើជំនាញបច្ចេកទេសយានយន្តដល់ធនធានមនុស្សនៅកម្ពុជា ដើម្បីទទួលបាននូវជំនាញពេញមួយជីវិតប្រកបដោយគុណភាពខ្ពស់។
សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី មានរយៈពេល ៣ឆ្នាំ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា ជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា៕








