ព្រឹកថ្ងៃទី២៨វិច្ឆិកានេះ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាណាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ស្តេចយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល១ថ្ងៃនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែវិច្ឆិកា ។
ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គគឺតបតាមការអញ្ជើញរបស់ ឯកឧត្តម លឿង គឿង ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ព្រះរាជសាររបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងផ្ញើជូនជនរួមជាតិ ដែលឡាយព្រះហស្តលេខាកាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៤ បានក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់,សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោក យាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតដោយព្រះអង្គបានមានព្រះរាជបន្ទូលសូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ។
ព្រះករុណាបានមានព្រះរាជបន្ទូលបញ្ជាក់ថា៖នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ ខាងលើនេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គក្នុងព្រះបរមនាម ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះករុណា បានសូមថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមព្រះប្រកបតែនឹង ព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
យាងនិងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចព្រះករុណាជាអម្ចាស់ជីវិតលើត្បូងដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សង្កេតឃើញវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ រាជវង្សានុវង្ស ឥស្សរជនជាន់ខ្ពស់ មន្ត្រីអ្នកមុខអ្នកការសំខាន់ៗផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជ ខុទ្ទកាល័យព្រះមហាក្សត្រ ព្រមទាំងតំណាងជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា។
ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងមាន ព្រះរាជសវនាការជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលស្របទៅនឹង ស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរអង្វែង រវាងប្រទេសទាំងពីរ។
ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់សាធារណរដ្ឋ សង្គមនិយមវៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរបស់ ប្រទេសទាំងពីរ ព្រមទាំងនឹងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍រវាងប្រទេសទាំងពីរ៕ អត្ថបទ៖ មុត សុទ្ធ







