ភ្នំពេញ ៖ ការបើកសម្ពោធការចាក់បញ្ចាំងភាពយន្តខ្លី ដែលជាប់ជម្រើសនៅក្នុងមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០២១នេះ មានស្នាដៃចំនួន៦៦រឿង ចូលរួមចាក់បញ្ចាំង។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។
ឯកឧត្តម ហាប់ ទូច បានបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ មហោស្រពភាពយន្តខ្លីចតុមុខពិតជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជា។ ជាក់ស្តែងនៅឆ្នាំ ២០២១ នេះយើងមើលឃើញថាមានស្នាដៃចំនួន៦៦រឿង ក្នុងការចាក់បញ្ចាំង ហើយក្នុងនោះមាន ៣៣ ស្នាដៃជាភាពយន្តរបស់យុវសមិទ្ធិកររបស់កម្ពុជា។ ការចូលរួមរបស់សមិទ្ធិករក្នុងស្រុក និងបរទេស ក្នុងមហោស្រពភាពយន្តខ្លី ចតុមុខ នៅឆ្នាំនេះជាឱកាសថ្មីមួយទៀត សម្រាប់ពួកគាត់ក្នុងការសិក្សាពីបទពិសោធន៍ល្អៗក្នុងការអភិវឌ្ឍស្នាដៃភាពយន្តរបស់ខ្លួន នាថ្ងៃអនាគតឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមគ្នានោះដែរ លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ នៅក្នុងកម្មវិធីសម្ពោធនេះបានមានប្រសាសន៍ថា ជំនាន់ទី១០ របស់យើងនឹងរំលេចប្រភេទភាពយន្តថ្មីមួយទៀត គឺវីដេអូតន្ត្រី ដើម្បីបើកឱកាសឱ្យកាន់តែទូលាយដល់យុវសមិទ្ធិករកម្ពុជា។ ចំពោះភាពយន្តឯកសារ មហោស្រពភាពយន្តខ្លីចតុមុខនៅបន្តទទួលទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសពីគម្រោងពីរគឺ «តោះថតឯកសារនៅកម្ពុជា» តាំងពីឆ្នាំ២០១៩ មក និង «ជម្រើសដែលមានសុវត្ថិភាព» ក្នុងឆ្នាំនេះ។
មហោស្រពយើងឆ្នាំនេះ នឹងមិនអាចដំណើរការទៅបានទេ បើសិនគ្មានការគាំទ្រ ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងSEA Junction ដែលជាស្ថាប័នជួយស្តារលទ្ធភាព ដល់អង្គការ ឬគម្រោងនៅអាស៊ីអាគ្នេយ៍ណា ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩។ លើសពីនេះ អ្វីដែលគួរឱ្យកត់សម្គាល់ គឺគណៈវិនិច្ឆ័យឆ្នាំនេះ សុទ្ធតែនារីៗជាខ្មែរ៣រូប និងអាមេរិក១រូប។ នេះសរបញ្ជាក់ថា មហោស្រពចង់លើកកម្ពស់ការចូលរួមពីយុវនារីយើង ក្នុងវិស័យភាពយន្ត ដោយអាចយកមេប្រយោគទាំង៤រូបរបស់យើងជាគំរូ និងរៀនសូត្រតាម។
សូមបញ្ជាក់ផងដែរថា ការចាក់បង្ហាញភាពយន្តខ្លីនេះ ធ្វើឡើងតាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់មហោស្រពភាពយន្តខ្លីចតុមុខ ចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
នៅក្នុងឆ្នាំនេះ មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) នឹងធ្វើការចាក់បញ្ចាំងរឿងដែលសមិទ្ធិករ និងផលិតករ ផលិត រវាងឆ្នាំ២០២០ និង២០២១ ដោយសារការអាក់ខានប្រារព្ធកាលពីឆ្នាំមុនដោយសារវិបត្តិកូវីដ-១៩។
នៅសប្តាហ៍នៃការចាក់បញ្ចាំងភាពយន្តខ្លីនេះដែរ ទស្សនិកជនអាចចូលរួមទស្សនាដោយសេរី ទៅតាម កាលវិភាគ នៃភាពយន្តនីមួយៗ។ កាលវិភាគនៃការចាក់បញ្ចាំងភាពយន្តរបស់សមិទ្ធករនីមួយៗ ទស្សនិកជន អាចស្វែងរកបានតាមរយៈការធ្វើបច្ចុប្បន្នភាពរបស់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់CSFF។ រីឯនៅរាត្រីថ្ងៃទី២៧ ខែតុលានេះ មហោស្រពនឹងប្រកាសជ័យលាភីទាំង៤ គឺ៖
1. ភាពយន្តខ្លីកម្ពុជាល្អបំផុត (ដែលផ្តល់ជូនដោយ SEA Junction)
2. ភាពយន្តខ្លីកម្ពុជាលេខ២ (ដែលផ្តល់ជូនដោយ Reading Film Club)
3. ភាពយន្តខ្លីកម្ពុជាជម្រើសមហាជន (ដែលផ្តល់ជូនដោយ Alien Express)
4. ភាពយន្តខ្លីកម្ពុជាជម្រើសមហាជន
នឹងមានរង្វាន់ពិសេសមួយទៀត ដល់ក្រុមសិក្ខាកាមដែលផលិតភាពយន្តឯកសារបានល្អជាងគេ ពីគម្រោង «ជម្រើសដែល មានសុវត្ថិភាព» ដែលផ្តល់ជូនដោយអង្គការ WeWorld-GVC៕
អត្ថបទ រដ្ឋា
