អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា បទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅប្រទេសលីបង់ ដែលបានចូលជាធរមានកាលពីព្រឹកថ្ងៃពុធ ទី២៧ វិច្ឆិកា គឺជា «រស្មីដំបូងនៃក្តីសង្ឃឹម» នៅក្នុងជម្លោះក្នុងតំបន់ បន្ទាប់ពីជម្លោះរាលដាលជាច្រើនខែ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ថា «វាចាំបាច់ណាស់ សម្រាប់អ្នកដែលបានចុះហត្ថលេខាលើការប្តេជ្ញាចិត្តបទឈប់បាញ់ត្រូវគោរពឱ្យបានពេញលេញ» ហើយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ បានត្រៀមជាស្រេចដើម្បីតាមដានបទឈប់បាញ់នេះ។

លោកក៏បានបញ្ជាក់ជាថ្មី នូវការអំពាវនាវរបស់លោក ឲ្យមានបទឈប់បាញ់បន្ទាន់នៅតំបន់ហ្កាហ្សាផងដែរ។
លោកនិយាយ ដោយបានសំដៅទៅលើកិច្ចព្រមព្រៀងនេះថា «ខ្ញុំបានទទួលសញ្ញាដ៏ល្អមួយ កាលពីម្សិលមិញ ជារស្មីដំបូងនៃក្តីសង្ឃឹមសម្រាប់សន្តិភាពក្នុងពេលភាពងងឹតក្នុងរយៈពេលជាច្រើនខែកន្លងទៅនេះ»។

វាជាពេលវេលាដ៏សំខាន់ ជាពិសេសសម្រាប់ជនស៊ីវិលដែលបានខាតបង់ប្រាក់ដ៏ច្រើន និងការខាតបង់ផ្សេងៗទៀតក្នុងជម្លោះដែលបានរាលដាលនេះ។