ប្រភពចំនួនប្រាំដែលដឹងពីចារកម្មអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដែលអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់អាវុធអាមេរិក ចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី មិនបានបង្កើនហានិភ័យនៃការវាយប្រហារនុយក្លេអ៊ែរឡើយ ហើយជម្លោះបែបនេះក៏មិនទំនងជាកើតឡើងនោះដែរ បើទោះបីជាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានកាន់តែខ្លាំងឡើងជុំវិញរឿងនេះក៏ដោយ។

មន្ត្រីជាន់ខ្ពស់ពីររូប សមាជិកសភា និងជំនួយការសភាពីររូប បាននិយាយសង្ខេបពីបញ្ហានេះថា ប៉ុន្តែរុស្ស៊ីទំនងជានឹងពង្រីកយុទ្ធនាការនៃការបំផ្លិចបំផ្លាញប្រឆាំងនឹងគោលដៅរបស់អឺរ៉ុប ដើម្បីបង្កើនសម្ពាធលើលោកខាងលិច ជុំវិញការគាំទ្ររបស់ខ្លួនសម្រាប់ទីក្រុងគីវ។

គួរបញ្ជាក់ថា ការវាយតម្លៃជាបន្តបន្ទាប់នៃចារកម្មសម្ងាត់ក្នុងរយៈពេល ៧ខែកន្លងមកនេះ បានសន្និដ្ឋានថា ជម្លោះនុយក្លេអ៊ែរទំនងជាមិនកើតចេញពីការសម្រេចចិត្តបន្ធូរបន្ថយដែនកំណត់ប្រើប្រាស់អាវុធរបស់អ៊ុយក្រែនទេ។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះនេះបន្តថា ការវាយតម្លៃទាំងនោះមិនបានប្រែប្រួលឡើយ បន្ទាប់ពីការផ្លាស់ប្តូរជំហររបស់លោកប្រធានាធិបតី Joe Biden ក្នុងខែនេះ លើដែនកំណត់អាវុធ។

ប្រភពសង្កត់ធ្ងន់ថា ទោះបីទីក្រុងវ៉ាស៊ីនតោន វាយតម្លៃថា រុស្ស៊ី នឹងមិនបង្កើនជម្លោះដោយប្រើកម្លាំងនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ ប៉ុន្តែទីក្រុងមូស្គូក៏នឹងព្យាយាមផ្គូផ្គងនូវអ្វីដែលខ្លួនយល់ឃើញថាជាការបង្កើនភាពតានតឹងរបស់សហរដ្ឋអាមេរិក។ ប្រភពបន្ថែមថា ការបាញ់មីស៊ីលបាលីស្ទិកថ្មីកាលពីសប្ដាហ៍មុន គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងនេះ៕
