មន្ត្រីជាន់ខ្ពស់បួនរូបរបស់កម្លាំងប្រដាប់អាវុធហេសបូឡា បាននិយាយថា ស្របពេលសាកសពយុទ្ធជនរបស់ខ្លួននៅតែរាយប៉ាយនៅលើសមរភូមិ ក្រុមហេសបូឡា ត្រូវតែបញ្ចុះសាកសពក្រុមយុទ្ធជនរបស់ខ្លួនហើយផ្តល់ជំនួយដល់ក្រុមអ្នកគាំទ្ររបស់ខ្លួនដែលបានទទួលរងការវាយលុកយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែល ដែលជាជំហានដំបូងនៅលើផ្លូវដ៏វែងឆ្ងាយ និងចំណាយថវិកាច្រើនដើម្បីស្រោចស្រង់។

ប្រភពបីដែលដឹងពីប្រតិបត្តិការរបស់ខ្លួនដោយដកស្រង់ការប៉ាន់ប្រមាណផ្ទៃក្នុង ដែលពុំធ្លាប់បានរាយការណ៍បានឲ្យដឹងថា ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ជឿជាក់ថា ចំនួនអ្នកប្រយុទ្ធរបស់ខ្លួនដែលត្រូវបានសម្លាប់ក្នុងអំឡុងពេល១៤ ខែនៃជម្លោះអាចកើនឡើងដល់ជាច្រើនពាន់នាក់ ដោយភាគច្រើនត្រូវបានសម្លាប់ចាប់តាំងពីអ៊ីស្រាអែលបានបន្តការវាយលុកកាលពីខែកញ្ញា ។

ប្រភពមួយបាននិយាយថា ក្រុមនេះអាចបាត់បង់កម្លាំងរហូតដល់៤.០០០នាក់ជាចំនួនច្រើនជាង ១០ដងនៃចំនួនដែលត្រូវបានសម្លាប់នៅក្នុងអំឡុងសង្គ្រាមឆ្នាំ២០០៦ របស់ខ្លួនជាមួយអ៊ីស្រាអែលរយៈពេលមួយខែ។

មកទល់ពេលនេះ ក្រុមអាជ្ញាធរលីបង់បាននិយាយថា មនុស្សប្រហែល ៣.៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានាពេលបច្ចុប្បន្ន ដោយមិនបែងចែកយុទ្ធជនពីជនស៊ីវិលឡើយ។
ប្រភពបីផ្សេងទៀតដែលដឹងពីការគិតរបស់ក្រុមនេះ បាននិយាយថា ក្រោយមានបទឈប់បាញ់ដែលបានចាប់ផ្ដើមកាលពីថ្ងៃពុធសប្ដាហ៍នេះ របៀបវារៈរបស់ក្រុមហេសបូឡា រួមមានកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរចនាសម្ព័ន្ធអង្គការរបស់ខ្លួនឡើងវិញយ៉ាងពេញលេញ ការស៊ើបអង្កេតការរំលោភលើសន្តិសុខដែលបានជួយអ៊ីស្រាអែលវាយលុក និងការពិនិត្យឡើងវិញពេញលេញកាលពីឆ្នាំមុន រួមទាំងកំហុសរបស់ខ្លួនក្នុងការប៉ាន់ស្មានសមត្ថភាពបច្ចេកវិទ្យារបស់អ៊ីស្រាអែល៕