ប្រទេសចិនបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកបន្តយកបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយការដំឡើងពន្ធធ្វើជាអាវុធ នោះនឹងគ្មានភាគីណាមួយត្រូវចំណេញឡើយ ហើយក៏គ្មានអ្នកឈ្នះក្នុងសង្គ្រាមដំឡើងពន្ធទេ ហើយការដំឡើងពន្ធរបស់លោក Trump អាចដុតបញ្ឆេះឲ្យមានសង្រ្គាមពាណិជ្ជកម្មថ្មីទៀត។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានព្រមានប្រធានាធិបតីជាប់ឆ្នោតនៅសហរដ្ឋអាមេរិក លោក Donald Trump ពីការដំឡើងពន្ធបន្ថែមលើទំនិញដែលនាំចូលពីប្រទេសអាស៊ីមួយនេះ ដោយនិយាយថា វិធានការនេះអាចអូសទាញប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំង២ធ្លាក់ចូលទៅក្នុងសង្គ្រាមពន្ធ ដែលបានត្រឹមតែបំផ្លាញគ្នាទៅវិញទៅមក ប៉ុណ្ណោះ ។

មិនមែនតែចិនទេ ដែលជាគោលដៅ លោក Donald Trump បាននិយាយថាប្រទេសម៉ិកស៊ិក និងកាណាដា នឹងត្រូវដំឡើងពន្ធថ្មីនៅថ្ងៃលោកឡើងកាន់តំណែង។
លោក ក៏បាននិយាយផងដែរថា លោកនឹងដំឡើងពន្ធចំនួន១០% បន្ថែមទៀតលើទំនិញរបស់ចិន ពីលើពន្ធដែលមានស្រាប់ ។

នៅក្នុងអត្ថបទវិចារណកថាចំនួនពីរដែលបានចេញផ្សាយនៅសប្ដាហ៍នេះនៅក្នុងកាសែត "China Daily" និង "Global Times" បក្សកុម្មុយនិស្តចិនបានជំរុញឱ្យលោក Trump កុំធ្វើឱ្យប្រទេសចិន ក្លាយជាអ្នករងគ្រោះជំនួសសម្រាប់វិបត្តិគ្រឿងញៀន ហ្វង់តានីល (fentanyl) នៅសហរដ្ឋអាមេរិក និងបានជំរុញសហរដ្ឋអាមេរិក កុំឱ្យទុកច្ឆន្ទៈរបស់ចិន ជារឿងលេងសើច ទាក់ទងនឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងគ្រឿងញៀន បន្ទាប់ពីការលើកឡើងរបស់លោក Trump៕