យោធារបស់កោះតៃវ៉ាន់ បានធ្វើសមយុទ្ធការពារដែនអាកាសនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (២៨ វិច្ឆិកា) នេះ ដើម្បីសាកល្បងការឆ្លើយតប និងដំណើរការចូលរួមប្រតិបត្តិការរបស់ខ្លួន មុនពេលដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះ លោក Lai Ching-te នៅចុងសប្តាហ៍នេះទៅកាន់ប៉ាស៊ីហ្វិក ដែលនឹងរួមបញ្ចូលការឈប់សំចតនៅសហរដ្ឋអាមេរិក។

យោងតាមការវាយតម្លៃរបស់កោះតៃវ៉ាន់ និងមន្ត្រីសន្តិសុខក្នុងតំបន់បានឱ្យដឹងថា ប្រទេសចិន ទំនងជានឹងធ្វើសមយុទ្ធយោធានៅប៉ុន្មានថ្ងៃខាងមុខនៅជិតកោះតៃវ៉ាន់ ដោយប្រើការធ្វើដំណើរនាពេលខាងមុខរបស់លោក Lai ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក និងការឆ្លងកាត់សហរដ្ឋអាមេរិកជាលេស។

កម្លាំងបញ្ជាការដែនអាកាសរបស់កោះតៃវ៉ាន់ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ជុំវិញសមយុទ្ធរបស់ខ្លួនថា សម្រាប់រយៈពេលពីរម៉ោងដែលចាប់ផ្តើមពីម៉ោង ៥ព្រឹក (ម៉ោងក្នុងស្រុក) យន្តហោះ នាវា និងប្រព័ន្ធមីស៊ីល បានចូលរួមនៅក្នុង "សមយុទ្ធផែនការប្រយុទ្ធការពារដែនអាកាសទាំងមូល" ប៉ុន្តែមិនបានលើកឡើងពីទស្សនកិច្ចរបស់លោក Lai នោះទេ។

ប្រទេសចិន បានអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងនេះថាជាទឹកដីរបស់ខ្លួន ហើយថ្កោលទោសលោក Lai ថាជាជនផ្ដាច់ខ្លួន ខណៈមេដឹកនាំកោះតៃវ៉ាន់រូបនេះនិយាយថា មានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចអនាគតរបស់ពួកគេបាន ហើយស្នើការចរចាម្តងហើយម្តងទៀតជាមួយទីក្រុងប៉េកាំង ប៉ុន្តែត្រូវបានបដិសេធ៕