ប្រណាំងម៉ូតូ៖ កីឡាករប្រណាំងម៉ូតូរបស់ក្រុម Yamaha, Fabio Quartararo បានក្លាយជាកីឡាករសញ្ជាតិបារាំងទី១ ដែលឈ្នះជើងឯកពិភពលោកប្រណាំងម៉ូតូ GP ក្រោយបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ចុងសប្តាហ៍កន្លងទៅនៅការប្រកួត Emilia Romagna Grand Prix ទឹកដីអ៊ីតាលី។

កីឡាករវ័យ ២២ឆ្នាំរូបនេះបានក្លាយជាជើងឯក បន្ទាប់ពីគូប្រជែងរបស់ខ្លួនកីឡាកររបស់ក្រុម Ducati, Francesco Bagnaia មិនអាចបញ្ចប់ការប្រកួតបាន។ កីឡាករអ៊ីតាលីរូបនេះបាននាំមុខការប្រកួតរហូតដល់ ៥ជុំចុងក្រោយក៏បានដួលធ្វើឱ្យកីឡាកររបស់ក្រុមហុងដា Marc Marquez ឡើងមកនាំមុខនិងឈ្នះការប្រកួតនេះ។ លេខ២ ក្នុងការប្រកួតបានទៅកីឡាករអេស្ប៉ាញ Pol Espargaro និងលេខ៣ កីឡាករអ៊ីតាលី Enea Bastianini។ សូមបញ្ជាក់ថា នេះជារដូវកាលទី៣ ប៉ុណ្ណោះសំរាប់ Fabio Quartararo ដែលបានចូលប្រឡូកក្នុងការប្រណាំង MotoGP និងបានឈ្នះជើងឯកនៅរដូវកាលនេះក្រោយដាច់អ្នកលេខ២ ដល់ទៅ ៦៥ពិន្ទុ ខណៈការប្រកួតនៅសល់ត្រឹម ២ទីលានទៀតប៉ុណ្ណោះនៅទឹកដីព័រទុយហ្កាល់ថ្ងៃទី៧ ខែវិច្ឆិកា និងចុងក្រោយនៅទីក្រុង Valencia ប្រទេសអេស្ប៉ាញ៕
អត្ថបទ៖នាង សុភាវុធ