យោងតាមប្រទេសម៉ិកស៊ិកបានឲ្យដឹងកាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិក នឹងធ្វើឲ្យខាតបង់ដល់ខ្លួនឯង ប្រសិនបើប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump អនុវត្តការតាមគំរាមកំហែងរបស់លោក ក្នុងការដំឡើងពន្ធ២៥ភាគរយលើការនាំចូលពីប្រទេសម៉ិកស៊ិក។

លោក Trump កាលពីថ្ងៃចន្ទបានព្រមាននៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលនឹងកើតមាន ជាមួយដៃគូពាណិជ្ជកម្មកំពូលចំនួនបីរបស់សហរដ្ឋអាមេរិក ដោយគំរាមដាក់ពន្ធច្រើនលើប្រទេសម៉ិកស៊ិក កាណាដា និងប្រទេសចិន ប្រសិនបើប្រទេសទាំងបី បរាជ័យក្នុងការបញ្ឈប់ការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ និងការរត់ពន្ធគ្រឿងញៀន ចូលទៅក្នុងសហរដ្ឋអាមេរិក។

លោក បាននិយាយថា លោកនឹងយកពន្ធ២៥ភាគរយលើការនាំចូលពីប្រទេសម៉ិកស៊ិកនិងកាណាដានិង១០ភាគរយលើទំនិញរបស់ចិន «លើពន្ធបន្ថែមណាមួយ» ចំពោះប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក លោក Marcelo Ebrard បានព្រមានថា ការខាតបង់ចំពោះក្រុមហ៊ុននានារបស់អាមេរិកនៃការយកពន្ធលើប្រទេសម៉ិកស៊ិកនឹងមានទំហំធំ។
លោកនិយាយថា ការងារប្រហែល៤០០.០០០ការងារនឹងត្រូវបាត់បង់នៅក្នុងសហរដ្ឋអាមេរិក ដោយលើកឡើងពីការសិក្សាមួយផ្អែកលើតួលេខពីក្រុមហ៊ុនផលិតរថយន្តអាមេរិក ដែលផលិតនៅប្រទេសម៉ិកស៊ិក។ លោកបាននិយាយបន្ថែមថា ការដាក់ពន្ធនេះ ក៏នឹងប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិកយ៉ាងខ្លាំងផងដែរ។
លោក Ebrard បានលើកឡើងពីទីផ្សារសហរដ្ឋអាមេរិកសម្រាប់រថយន្តដឹកទំនិញ ដែលភាគច្រើនផលិតនៅក្នុងប្រទេសម៉ិកស៊ិកជាឧទាហរណ៍ ដោយអះអាងថាពន្ធនេះនឹងបន្ថែម៣.០០០ដុល្លារអាមេរិកដល់ការខាតបង់ចំពោះរថយន្តថ្មី។