បន្ទាប់ពីមានកិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធគ្នាជាងមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា របស់លីបង់ នៅពេលនេះការយកចិត្តទុកដាក់បានវិលត្រលប់ទៅតំបន់ហ្កាហ្សាស្ទ្រីប ដែលរងការវាយប្រហារដ៏បង្ហូរឈាម ប៉ុន្តែក្តីសង្ឃឹមណាមួយនៃការបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័សនៅទីនោះ មើលទៅទំនងជានឹងមានភាពមិនច្បាស់លាស់ស្រពេចស្រពិល។

ដោយប្រកាសពីកិច្ចព្រមព្រៀងលីបង់ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ឥឡូវនេះលោកនឹងបន្តការប្រឹងប្រែងកាន់តែខ្លាំងលើកិច្ចព្រមព្រៀងហ្កាហ្សា ដោយជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់យកឱកាសសន្តិភាព។

ទោះបីជាយ៉ាងនេះក៏ដោយ មិនមានសញ្ញាណាមួយដែលបង្ហាញថា ថ្នាក់ដឹកនាំអ៊ីស្រាអែលចង់បន្ធូរដៃឱ្យក្រុមអ៊ិស្លាមហាម៉ាស ដែលបានបង្កឱ្យមានជម្លោះនេះកាលពីឆ្នាំមុននោះទេ ខណៈបណ្ដារដ្ឋមន្ត្រីបញ្ជាក់ច្បាស់ថា គោលបំណងសង្គ្រាមហ្កាហ្សា គឺខុសគ្នាពីគោលដៅជម្លោះលីបង់ ដែលគ្រាន់តែចង់ធានាសន្តិសុខអ្នកស្រុកនៅព្រំដែនភាគខាងជើងរបស់ខ្លួន។
គោលដៅសង្រ្គាមនៅតំបន់ហ្កាហ្សា របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu គឺការនាំយកចំណាប់ថ្នូរអ៊ីស្រាអែលចំនួន ១០១នាក់មកវិញ និងកម្ចាត់ក្រុមហាម៉ាស។ កិច្ចចរចារវាងភាគីជម្លោះទាំងពីរបានជាប់គាំងជាយូរមកហើយ ដោយភាគីម្ខាងៗបានបន្ទោសគ្នាទៅមកចំពោះភាពជាប់គាំងនេះ៕