ការសិក្សាថ្មីដ៏ធំមួយបាននិយាយនៅថ្ងៃព្រហស្បតិ៍ ( ២៨ វិច្ឆិកា) នេះថា កង្វក់ខ្យល់ ឬការបំពុលបរិយាកាសបណ្តាលមកពីចំហេះ - ដែលរួមទាំងចំហេះព្រៃដោយធម្មជាតិ និងចំហេះគ្រោងទុក ដូចជាការដុតដំណាំលើដីកសិកម្ម - ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់ជាង ១,៥លាននាក់ ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក ដែលភាគច្រើនកើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ចំនួនអ្នកស្លាប់នេះត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារបម្រែបម្រួលអាកាសធាតុធ្វើឱ្យចំហេះព្រៃកាន់តែញឹកញាប់ និងកាន់តែខ្លាំងក្លា នេះបើយោងតាមការសិក្សានៅក្នុងទិនានុប្បវត្តិ The Lancet។

អ្នកស្រាវជ្រាវនិយាយថា ការស្លាប់ប្រហែល ៤៥០.០០០នាក់ ក្នុងមួយឆ្នាំដោយសារជំងឺបេះដូង ត្រូវបានផ្សារភ្ជាប់ទៅនឹងកង្វក់ខ្យល់ទាក់ទងនឹងចំហេះរវាងឆ្នាំ២០០០ និង២០១៩។ ការស្លាប់ចំនួន ២២០.០០០នាក់ទៀត ដោយសារជំងឺផ្លូវដង្ហើម មកពីផ្សែង និងភាគល្អិត ដែលបានសាយភាយចូលទៅក្នុងខ្យល់ដោយសារចំហេះ។

ការស្រាវជ្រាវបង្ហាញថា ការស្លាប់ប្រចាំឆ្នាំសរុបដោយសារមូលហេតុទាំងអស់ជុំវិញពិភពលោក មានចំនួន ១,៥៣លាននាក់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកង្វក់ខ្យល់ពីចំហេះ។
របាយការណ៍បន្ថែមថា ជាង ៩០% នៃការស្លាប់ទាំងនេះស្ថិតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ហើយជិត ៤០% នៅក្នុងអនុតំបន់សាហារ៉ាអាហ្រ្វិក។ ប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេគឺចិន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឥណ្ឌា ឥណ្ឌូនេស៊ី និងនីហ្សេរីយ៉ា៕