កងកម្លាំងអ៊ីស្រាអែល បានបន្តការវាយប្រហារដោយទម្លាក់គ្រាប់បែកលើសាលារៀននៅទីក្រុង បេតឡាហ៊ីយ៉ា (Beit Lahiya) ភាគខាងជើងដែនដីហ្កាហ្សា ដែលជាជម្រកសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនរាប់ពាន់នាក់ កាលពីថ្ងៃពុធ (២៧ វិច្ឆិកា) បណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ ខណៈបទឈប់បាញ់ដែលបញ្ឃប់អរិភាពនៅលីបង់ កំពុងដំណើរការ។
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានជួយសម្រួលដល់ការជម្លៀសជនស៊ីវិលរាប់ពាន់នាក់ចេញពីទីក្រុង Beit Lahiya ហើយថែមទាំងបានឃុំខ្លួនជនជាតិប៉ាឡេស្ទីនរាប់សិបនាក់នាំទៅកាន់អ៊ីស្រាអែល ដើម្បីសាកសួរផងដែរ។

មន្ត្រីជាន់ខ្ពស់របស់ទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិ UNRWA បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល យ៉ាងខ្លាំងក្លានេះគឺ "គួរឱ្យភ័យខ្លាច" សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន ដែលនៅតែជាប់គាំងនៅភាគខាងជើងហ្កាហ្សា។

អង្គការសហប្រជាជាតិ បានប្រកាសអាសន្នអំពីស្ថានភាពមហន្តរាយសម្រាប់ជនស៊ីវិលប៉ាឡេស្ទីននៅភាគខាងជើងតំបន់ឆ្នេរដ៏តូចមួយនេះ ដែលរងការឡោមព័ទ្ធអស់រយៈពេលជាង ៥០ថ្ងៃដោយកងកម្លាំងអ៊ីស្រាអែល ស្របពេលមានការវាយលុកជាបន្តបន្ទាប់នៅក្នុងតំបន់នោះ៕