នាយកដ្ឋានពន្លត់អគ្គិភ័យ និងនគរបាលក្នុងតំបន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា មនុស្សយ៉ាងហោចណាស់៤បានស្លាប់ និង១១ នាក់បានរងរបួស នៅពេលរថយន្តចំនួន៥៣គ្រឿងបុកបន្តកន្ទុយគ្នា នៅលើផ្លូវហាយវេក្នុងទីក្រុង Wonju ភាគខាងកើតប្រទេសកូរ៉េខាងត្បូង អំឡុងពេលមានព្រិលធ្លាក់ខ្លាំង។

នគរបាលនិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ម៉ោងក្នុងស្រុកថ្ងៃពុធ ២៧ ខែវិច្ឆិកា ហើយមនុស្ស ៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសស្រាល។

ក្រសួងមហាផ្ទៃបានឆ្លើយតបគ្រោះមហន្តរាយភ្លាមៗ ដោយនិយាយថាព្រិលធ្លាក់រហូតដល់កម្រាស់ ៥ សង់ទីម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេព្យាករណ៍រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយព្រមានថាព្រិលសើមមានកំហាប់សំណើមខ្ពស់ បានបន្ថែមហានិភ័យនៃការខូចខាតដល់សម្ភារៈនិងទ្រព្យសម្បត្តិ។
ជើងហោះហើរជាង២០០ ត្រូវបានលុបចោល ឬ ពន្យារពេល ភាគច្រើនគឺជាការហោះហើរក្នុងស្រុក ខណៈអាកាសយានដ្ឋាននានា ទូទាំងប្រទេសបានជួបប្រទះស្ថានភាពអាកាសធាតុអាប់អួរខ្លាំង ដោយមានព្រិលធ្លាក់ និងខ្យល់ខ្លាំង ហើយនាវាចម្លងយ៉ាងហោចណាស់៧០ត្រូវបានផ្អាកសេវាកម្មដែរ៕