ភ្នំពេញ៖ ឯកឧត្ដម ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទីណាមានការលំបាកទីនោះតែងតែមានវត្តមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅជាប់ជាមួយប្រជាពលរដ្ឋ មិនរត់ចោលប្រជាពលរដ្ឋនៅដោះស្រាយបញ្ហារួមសុខទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ការថ្លែងបែបនេះរបស់ឯកឧត្ដម ខណៈអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ ដោយសារទឹកជំនន់កន្លងមកនៅក្នុងឃុំរកា និងឃុំរលាំងកែនស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនៅព្រឹកថ្ងៃទី៣០ ខែតុលានេះចំនួន ៣០០គ្រួសារ ដោយក្នុង ១គ្រួសារទទួលបានអង្ករ គ្រឿងឧបភោគបរិភោគ និងថវិកា ៣ម៉ឺនរៀល និងបានឧបត្ថម្ភថវិកាជូនសាលាស្រុក និងសមត្ថកិច្ចផងដែរ។
ឯកឧត្ដម ណុប រ័ត្ននិមល បានបន្តថា ជាក់ស្ដែងនៅក្នុងអំឡុងពេលមានទឹកជំនន់កន្លងមកថ្មីៗ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាបន្ទាន់ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះជួយអន្តរាគមន៍សង្គ្រោះជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព និងផ្ដល់អំណោយសង្គ្រោះទៅកាន់គោលដៅរងគ្រោះទឹកជំនន់ មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារ ដោយអាជ្ញាធរមិនបានដឹងនោះទេ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនកម្លាំងសមាជិកតាមសាខាកាកបាទក្រហម និងអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់បានទាន់ពេលវេលាក្នុងនោះដែរ ឯកឧត្ដម ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រុមការងារ និងកងទ័ពចុះគ្រប់ទីកន្លែង ដើម្បីជួយសង្គ្រោះមនុស្សស្ត្រីមានផ្ទៃពោះ សម្ភារៈកូនចៅប្រជាពលរដ្ឋជាបន្ទាន់ នៅតំបន់ប្រឈមគ្រោះថ្នាក់ទឹកហូរខ្លាំង ដោយមិនគិតពីពេលវេលាយប់ថ្ងៃសោះឡើយ ធ្វើយ៉ាងណាជម្លៀសប្រជាពលរដ្ឋឱ្យផុតពីមុខទឹកជំនន់ និងមានសុវត្ថិភាព។ ជាពិ សេសព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់មន្ត្រីនាំយកអំណោយចុះចែកប្រជាពលរដ្ឋផងដែរ។
បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលបានខិតខំទប់ស្កាត់ការចម្លង និងការរីករាលដាលជំងឺកូវីដ១៩ បានល្អមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយជំងឺកូវីដ១៩ ជាមោទនភាពរបស់ប្រទេសយើង បើប្រៀបធៀបជាមួយប្រទេសដទៃមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ នេះច្រើនណាស់។
ឯកឧត្ដមបានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ក្លាហានឈ្លាសវៃ ការពារប្រជាពលរដ្ឋដឹកនាំប្រទេសបានល្អ ដឹងសុខទុក្ខប្រជាពលរដ្ឋមានការអភិវឌ្ឍគ្រប់វិស័យ កសាងប្រទេសជាតិពីបាតដៃទទេ។ សម្ដេច និងវីរបុរសជាច្រើនបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្ដូរយកសន្តិភាពជូនជាតិ និងប្រជាជន។ ឯកឧត្ដមបានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋចូលរួមការពារថែរក្សាសន្តិភាពបន្ត នូវការជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តការគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិជាបន្តបន្ទាប់៕



