កណ្ដាល ៖ បើតាមការអះអាងពី ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងថា នៅពេលបច្ចុប្បន្ន នៅតាមមន្ទីរបង្អែកក្រុង ស្រុកទាំង១១របស់ខេត្តកណ្តាល គឺនៅតែបន្តចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកុមារ និងបន្តចាក់ជូនពលរដ្ឋទូទៅជាធម្មតា។ សម្រាប់ការចាក់ក្នុងអំឡុងពេលនេះ សំគាល់ឃើញថា ភាគច្រើនគឺមានពលរដ្ឋមកពីក្រៅខេត្តមកចាក់ច្រើន ខណៈ នៅក្នុងខេត្តក៏មានពលរដ្ឋនិងកុមារមួយចំនួនតូចគឺនៅមិនបានមកចាក់វ៉ាក់សាំងផងដែរ។
វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែតុលានេះ មានកុមារអាយុចាប់ពី៦ឆ្នាំដល់១១ឆ្នាំ បានមកចាក់វ៉ាក់សាំងដូសទី១ បានចំនួន ១៥ម៉ឺន ២៧៦៥នាក់ ស្មើនឹង១១៣.៣៥% និងកុមារចាក់ដូសទី២ បានចំនួនជាង១៣ម៉ឺននាក់ ស្មើ១០២% ដោយឡែកសម្រាប់កុមារនិងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ បានចាក់ដូសទី២បានចំនួន១៤ម៉ឺន ៩៤០០នាក់ ស្មើនឹង១០៥.៥០% ដោយឡែកសម្រាប់មនុស្សចាស់អាយុចាប់ពី១៨ឆ្នាំឡើងទៅបានចាក់ដូសទី១ បានជាង ៨៦ម៉ឺននាក់ ស្មើនឹង៩៩.៤០% និងចាក់ដូសទី២ បានចំនួន៨៤ម៉ឺននាក់ ពោលគឺនៅសល់មនុស្សមិនទាន់ទៅចាក់មានប្រមាណ០.៦០%។
លោកវេជ្ជបណ្ឌិត បន្តថា សម្រាប់មនុស្សដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំង នៅពេលក្រុមពេទ្យក៏មានផែនការគ្រោងនឹងសហការជាមួយអាជ្ញាធរចុះស្រាវជ្រាវ ដើម្បីរៀបចំចុះចាក់វ៉ាក់សាំងជូនពលរដ្ឋ និងកុមារទៅដល់ខ្នងផ្ទះផងដែរ ប្រសិនបើពលរដ្ឋនិងកុមារនោះ មានការអូសបន្លាយយូរខែ មិនទាន់ឃើញមកចាក់វ៉ាក់សាំងកូវីដ១៩។
ទោះយ៉ាងណាក៏ដោយ សម្រាប់ពលរដ្ឋនិងកុមារដែលយឺតយ៉ាវក្នុងការមកទទួលចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ ត្រូវបានគេឃើញថា ភាគច្រើនជាកុមារចំណាកស្រុកតាមឪពុកម្តាយ មកខេត្តឆ្ងាយៗ កុមារមានបញ្ហាសុខភាព ពលរដ្ឋមានជំងឺ ខ្លះមានផ្ទៃពោះ និងខ្លះជាកម្មករចំណាកស្រុកជាដើម។
បើតាមការបញ្ជាក់បន្ថែមពីប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងថា ខេត្តកណ្តាលពុំមានការបិទការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនពលរដ្ឋនោះទេ ហើយយើងមានការទទួលចាក់ចំរុះជូនពលរដ្ឋមកពីក្រៅខេត្តផង និងពលរដ្ឋនៅខេត្តផង ហើយការចាក់នោះ គឺមាននៅតាមបណ្តាមន្ទីរពេទ្យបង្អែកទាំង១១ក្រុងស្រុករបស់ខេត្តកណ្តាល៕
អត្ថបទ ស៊ុម សុខជា
