ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បានធានាចំពោះប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump តាមការអំពាវនាវ កាលពីថ្ងៃពុធថា នឹងគ្មានក្រុមជនអន្តោប្រវេសន៍ទៅដល់ព្រំដែនរវាងប្រទេសទាំងពីរឡើយ។

លោក Trump បាននិយាយនៅលើសារបង្ហោះតាមវេទិកាបណ្តាញផ្សព្វផ្សាយសង្គម Truth ថា «វានឹងបន្តទៅមុខដ៏វែងឆ្ងាយ ឆ្ពោះទៅរកការបញ្ឈប់ការឈ្លានពានដោយខុសច្បាប់នៅសហរដ្ឋអាមេរិក»។
យោងតាមការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម ធ្វើឡើងដោយ លោក Trump និងលោកស្រី Sheinbaum បានឲ្យដឹងថា ភាគីទាំងពី បានពិភាក្សាអំពីបញ្ហាសន្តិសុខ និងការជួញដូរគ្រឿងញៀន ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ។

ភាពតានតឹង បានកើនឡើងរវាងមេដឹកនាំអាមេរិកខាងជើង កាលពីថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា បន្ទាប់ពី លោក Trump បានប្តេជ្ញាថានឹងដាក់ពន្ធលើប្រទេសម៉ិកស៊ិក លុះត្រាតែប្រទេសនេះ បញ្ឈប់លំហូរនៃសារធាតុហ្វង់តានីល និងជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក។