យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ គណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោករូស្ទីម អ៊ូម៉េរូវ (Rustem Umerov)កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ដើម្បីសុំជំនួយអាវុធសម្រាប់ឲ្យទីក្រុង Kyiv ប្រើប្រាស់ក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី ។

កាសែត DongA Ilbo បានរាយការណ៍កាលពីថ្ងៃពុធថា គណៈប្រតិភូបានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងលោក Shin Won-sik ដើម្បីផ្លាស់ប្តូរយោបល់ស្តីពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

ចំណែកសារព័ត៌មាន South China Morning Post ដោយដកស្រង់ប្រភពព័ត៌មានមួយ ក៏បានរាយការណ៍នៅសប្តាហ៍នេះដែរថា គណៈប្រតិភូអ៊ុយក្រែនមកកាន់កូរ៉េខាងត្បូង ដើម្បីសុំជំនួយគ្រឿងសព្វាវុធ។

ដោយសំអាងដល់ប្រភពដែលដឹងពីបញ្ហានេះ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា គណៈប្រតិភូត្រូវបានគេរំពឹងថាជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ។
ពេលត្រូវបានស្នើសុំការអត្ថាធិប្បាយ មន្ត្រីមួយរូបនៅការិយាល័យរបស់លោក Yoon បានបដិសេធមិនបញ្ជាក់អំពីរបាយការណ៍ទាំងនោះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានបដិសេធមិនផ្ដល់ការអាត្ថាធិប្បាយដែរ អំពីថាតើ គណៈប្រតិភូអ៊ុយក្រែន បានមកដល់កូរ៉េខាងត្បូងហើយឬនៅ។
របាយការណ៍បាននិយាយថា ប្រមុខការពារជាតិអ៊ុយក្រែន បានបញ្ជាក់ពីភាពចាំបាច់សម្រាប់ប្រព័ន្ធការពារដែនអាកាសទំនើប ទប់ទល់ស្ថានភាពចំពោះមុខនៃការវាយប្រហារកាន់តែខ្លាំងរបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធ និងគ្រាប់រំសេវកាំភ្លើងធំបន្ថែមទៀត៕