មីយ៉ាន់ម៉ា៖ របបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ ទី២៤ ខែតុលាបានចាត់ទុករបាយការណ៍សិទ្ធិមនុស្សចុងក្រោយ របស់អង្គការសហប្រជាជាតិស្ដីពីប្រទេសដែលផុងជ្រៅក្នុងជម្លោះនេះថាជា "ការញុះញង់ឱ្យមានអំពើហិង្សា" ហើយបានចោទប្រកាន់ស្ថាប័ននេះថា បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

យោងតាមក្រុមឃ្លាំមើលស្ថានការណ៍ក្នុងតំបន់ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះបានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈដោយមានអ្នកស្លាប់ជាង ១.១០០នាក់នៅក្នុងការបង្ក្រាបលើក្រុមអ្នកប្រឆាំង។ កាលពីថ្ងៃសុក្រ អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនព្រួយបារម្ភចំពោះមហន្តរាយសិទ្ធិមនុស្សកាន់តែខ្លាំង ស្របពេលមានរបាយការណ៍ថា ទាហានរាប់ម៉ឺននាក់ប្រដាប់ដោយអាវុធធុនធ្ងន់កំពុងត្រូវបានចល័តទៅកាន់តំបន់ដាច់ពីពិភពខាងក្រៅនៅភាគខាងជើង និងភាគពាយ័ព្យ។ អ្នករាយការណ៍ពិសេសប្រចាំសហភាពមីយ៉ាន់ម៉ា លោក Tom Andrews បានព្រមានដល់មហាសន្និបាតអង្គការសហប្រជាជាតិថា យុទ្ធសាស្ត្រនេះគឺធ្វើឲ្យគេនឹកឃើញដល់ការដាក់ពង្រាយកម្លាំងកាលពីកន្លងទៅ មុនពេលការបង្ក្រាបដ៏បង្ហូរឈាមលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាក្នុងឆ្នាំ២០១៦ ដល់ ២០១៧។

របបយោធាបានរិះគន់របាយការណ៍នេះកាលពីថ្ងៃអាទិត្យ ហើយបានចោទប្រកាន់អង្គការសហប្រជាជាតិថា បានប្រើប្រាស់សិទ្ធិមនុស្សជាឧបករណ៍នយោបាយលូកលាន់កិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។ ក្រសួងការបរទេសដែលតែងតាំងដោយរបបយោធាបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា របាយការណ៍នេះនឹង "នាំឱ្យមានការបែកបាក់បន្ថែមទៀតក្នុងចំណោមប្រទេសជាតិ និងការញុះញង់ឱ្យមានអំពើហិង្សាផ្ទៃក្នុង"។ យ៉ាងណាក្ដី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះដែរសហភាពមីយ៉ាន់ម៉ាបានលើកឡើងថា ខ្លួននឹងប្រកាន់យកផែនការសន្តិភាពរបស់អាស៊ាន បើទោះជាឧត្តមសេនីយ៍ជាន់ខ្ពស់ធ្លាប់បានរិះគន់ប្លុកនេះក៏ដោយ៕
អត្ថបទ៖ សុខមាន