មន្ត្រីម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៨ វិច្ឆិកា) នេះថា ក្រុមជួយសង្គ្រោះរបស់ឥណ្ឌូនេស៊ី កំពុងស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីទឹកជំនន់យ៉ាងគំហុក និងបំណាក់ដីបានវាយប្រហារទីតាំងជាច្រើនក្នុងខេត្តស៊ូម៉ាត្រា ខាងជើង (North Sumatra) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់ ។

ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី និយាយថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តនេះ ចាប់តាំងពីសប្តាហ៍មុន បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងគំហុក និងបំណាំក់ដីនៅក្នុងស្រុកចំនួនបួនផ្សេងគ្នា។
បំណាក់ដីនៅក្នុងភូមិមួយក្នុងទីក្រុង ដេលី សើដាង (Deli Serdang) កាលពីថ្ងៃពុធ បានសម្លាប់មនុស្ស ៧នាក់ និងរបួស ២០នាក់ នេះបើតាមអ្នកនាំពាក្យនគរបាលស៊ូម៉ាត្រា។ នៅកន្លែងផ្សេងទៀត ក្រុមសង្គ្រោះបានរកឃើញអ្នកស្លាប់ចំនួន ២០នាក់ អំឡុងពេលប្រតិបត្តិការកាលពីចុងសប្តាហ៍ ដោយនៅបន្តស្វែងរកអ្នកបាត់ខ្លួន ២នាក់ទៀត។

អ្នកនាំពាក្យរូបនោះបន្តថា ក្រុមសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួន រួមទាំងអ្នកដែលជាប់ក្នុងរថយន្តដែលរងការវាយប្រហារពីបំណាក់ដី ប៉ុន្តែមិនទាន់អាចផ្តល់តួលេខប៉ាន់ស្មានសម្រាប់អ្នកបាត់ខ្លួនសរុប និងអ្នកដែលរងផលប៉ះពាល់នៅឡើយទេ។
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេស បានព្រមានថា អាកាសធាតុធ្ងន់ធ្ងរត្រូវបានរំពឹងថានឹងបន្តនៅឥណ្ឌូនេស៊ី ដល់ដំណាច់ឆ្នាំ២០២៤ ដោយសារតែបាតុភូត ឡានីញ៉ា (La Nina) បង្កើនទឹកភ្លៀងនៅទូទាំងប្រជុំកោះត្រូពិចមួយនេះ៕