នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៨ វិច្ឆិកា) នេះថា មនុស្សជាង ៣៧.០០០នាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងរដ្ឋចំនួន៦ របស់ម៉ាឡេស៊ី ក្នុងសប្តាហ៍នេះ។

លោក Anwar បានប្រាប់សភាថា ជម្រកបណ្តោះអាសន្នចំនួន ៣២២កន្លែង ត្រូវបានបើកនៅក្នុងបណ្ដារដ្ឋដូចជា កេឡាន់តាន់ (Kelantan) តេរ៉េងហ្កានូ (Terengganu) កេដា (Kedah) ភើលីស (Perlis) ចូហ័រ (Johor) និង ប៉េរាក់ (Perak) ដើម្បីធ្វើជម្រកដល់ជនភៀសខ្លួនដោយទឹកជំនន់។

លោក Anwar បន្តថា រដ្ឋ Kelantan ភាគឦសានជាប់ព្រំដែនថៃ បានរងការវាយប្រហារធ្ងន់ធ្ងរបំផុត ដោយមានមនុស្សចំនួន ៣០.៥៨២នាក់មកពី ៩.២២៣គ្រួសារ រងផលប៉ះពាល់។ ទឹកជំនន់គឺជារឿងធម្មតានៅលើឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសម៉ាឡេស៊ី ក្នុងរដូវខ្យល់មូសុងប្រចាំឆ្នាំ ចាប់ពីខែតុលា ដល់ខែមីនា ដោយមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសជារៀងរាល់ឆ្នាំ។

ក្រសួងឧតុនិយម កាលពីថ្ងៃពុធ បានចេញការព្រមានពណ៌ក្រហមសម្រាប់ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបង្ហាញពីកម្រិតទឹកភ្លៀងដ៏គ្រោះថ្នាក់នៅក្នុងរដ្ឋ កាឡាន់តាន់ ប៉ាហាំង (Pahang) និង តេរ៉េងហ្កានូ ហើយភ្លៀងធ្លាក់ត្រូវបានរំពឹងថានឹងបន្តរហូតដល់ថ្ងៃសុក្រស្អែកនេះ៕