កងទ័ពជើងទឹកកូឡុំប៊ី បាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរមកពីប្រទេសជាច្រើន បានរឹបអូសគ្រឿងញៀនកូកាអ៊ីនចំនួន ២២៥តោន ក្នុងប្រតិបត្តិការដ៏ធំមួយរយៈពេល ៦សប្តាហ៍ ដែលពួកគេបានរកឃើញផ្លូវជួញដូរថ្មីមួយ នៅសមុទ្រប៉ាស៊ីហ្វិក ពីអាមេរិកខាងត្បូង ទៅកាន់ប្រទេសអូស្ត្រាលី។

មន្ត្រីកងទ័ពជើងទឹកលោក Orlando Enrique Grisales បានប្រាប់អ្នកយកព័ត៌មានថា ដំណាក់កាលចុងក្រោយបំផុតនៃប្រតិបត្តិការកងទ័ពជើងទឹកពិភពលោក «Orion» បានរឹបអូសថ្នាំញៀនជាង ១.៤០០តោន ក្នុងនោះមានកូកាអ៊ីនចំនួន ២២៥ តោន និងកញ្ឆាចំនួន ១២៨ តោន។

មនុស្សជាង ៤០០នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការដែលកំណត់គោលដៅទៅលើមហាសមុទ្រ ឆ្នេរសមុទ្រ ទន្លេ និងកំពង់ផែ ជុំវិញពិភពលោក ក្នុងខែតុលា និងវិច្ឆិកា។
កិច្ចប្រតិបត្តិទ្រង់ទ្រាយធំនេះ មានការចូលរួមពីភ្នាក់ងារសន្តិសុខរបស់សហរដ្ឋអាមេរិក ប្រេស៊ីល អេស្ប៉ាញ ហូឡង់ និងប្រទេសមួយចំនួនទៀត ព្រមទាំងអង្គការអន្តរជាតិជាច្រើនផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក បានឲ្យដឹងថា ការរឹបអូសនោះ បានដកហូតថ្នាំញៀនមានតម្លៃជាង ៨,៤ពាន់លានដុល្លារ។