យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនដែលដឹកសព្វាវុធ និងឆ្លងពីប្រទេសអេហ្ស៊ីប ចូលទៅអ៊ីស្រាអែល។
នៅពេលសួរអំពីឧប្បត្តិហេតុយានដ្រូនចុងក្រោយនេះ ប្រភពសន្តិសុខអេហ្ស៊ីប បាននិយាយថា ពួកគេមិនបានដឹងអំពីហេតុការណ៍បែបនេះទេ។
នៅក្នុងឧប្បត្តិហេតុពីរដាច់ដោយឡែកពីគ្នា នៅក្នុងខែតុលា អ៊ីស្រាអែល ក៏បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនចំនួនពីរគ្រឿង ដែលរត់ពន្ធអាវុធចេញពីទឹកដីអេហ្ស៊ីប។
មន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ក្នុងអំឡុងពេលសង្រ្គាម នៅតំបន់ហ្កាហ្សាថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានប្រើប្រាស់បណ្តាញផ្លូវរូងក្រោមដី នៅក្រោមព្រំដែន ចូលទៅក្នុងតំបន់ស៊ីណៃរបស់ប្រទេសអេហ្ស៊ីប ដើម្បីរត់ពន្ធអាវុធ។
ទោះជាយ៉ាងណាក៏ដោយ អេហ្ស៊ីបនិយាយថា ខ្លួនបានបំផ្លាញបណ្តាញផ្លូវរូងក្រោមដីដែលភ្ជាប់ទៅដល់តំបន់ហ្កាហ្សា កាលពីឆ្នាំមុន ហើយបានបង្កើតតំបន់ទ្រនាប់ និងរបងព្រំដែន ដើម្បីទប់ស្កាត់ការរត់ពន្ធ។

