រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេស បាននិយាយឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន បានរងការវាយប្រហារពីសត្រូវ បន្ទាប់ពីការព្រមានអំពីការវាយឆ្មក់តាមអាកាសនៅទូទាំងប្រទេសដោយមីស៊ីលរបស់រុស្ស៊ី ដែលបានបាញ់ចូលមក។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងថាមពល លោក German Galushchenko បាននិយាយថា «ការវាយប្រហារលើរោងចក្រថាមពលអគ្គិសនី កំពុងកើតឡើងនៅទូទាំងប្រទេសអ៊ុយក្រែន» ហើយប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ បានជូនដំណឹងបន្ទាន់ពីការដាច់ចរន្តអគ្គិសនី។
សារព័ត៌មានអ៊ុយក្រែន បានរាយការណ៍ថា ការផ្ទុះជាច្រើនត្រូវបានលាន់ឮនៅក្នុងទីក្រុងនានារបស់អ៊ុយក្រែន មានទីក្រុង Odesa, Kropyvnytskyi, Kharkiv, Rivne និងទីក្រុង Lutsk នៅថ្ងៃព្រហស្បតិ៍នេះ។
រដ្ឋបាលយោធាក្នុងតំបន់ បានរាយការណ៍តាមបណ្តាញ Telegram របស់ខ្លួនថា ហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍ Shoska ក្នុងតំបន់ Sumy របស់អ៊ុយក្រែន ក៏បានរងការវាយប្រហារដោយមីស៊ីលរបស់រុស្សី ផងដែរ ដោយផលប៉ះពាល់នានា កំពុងត្រូវបានវាយតម្លៃ។
យោងតាមប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ Ukrenergo បាននិយាយឲ្យដឹងថា នឹងមានការដាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុងគីវ(Kyiv), Odesa, Dnipro និងទីក្រុង Donetsk ខណៈសីតុណ្ហភាពនៅទូទាំងប្រទេស បានធ្លាក់ចុះដល់ប្រហែល០អង្សាសេ។

