ភ្នំពេញ ៖ នៅឆ្នាំ២០២២ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងចំនួន៣០០លានដុល្លារ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្សព្វផ្សាយនូវខ្លឹមសារសង្ខេបប្រតិបត្តិនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលត្រូវបានកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តទាំងស្រុង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
ការបោះលក់មូលបត្របំណុលរដ្ឋលើកដំបូងនេះ គឺជាការចូលរួមកាត់បន្ថយកម្ចីឥណទានពីក្រៅប្រទេស ដោយរាជរដ្ឋាភិបាល ផ្តោតលើការគៀង គរប្រភពហិរញ្ញប្បទានពីខាងក្នុងប្រទេស។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២២ ក្នុងកម្រិត ១ ៦០០ លាន SDR ។
ការបោះពុម្ពផ្សាយលក់មូលបត្ររដ្ឋលើកដំបូង និងការខ្ចីក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជទេ ពោលគីជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែត្រូវបានវាយតម្លៃថាមាន ចីរភាព និងហានិភ័យកម្រិតទាប ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតនៅក្រោមអនុបាតគោលទាំងអស់។
សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ ដែលកម្ពុជាកំពុងស្ថិតនៅកណ្តាលនៃវិបត្តិកូវីដ-១៩ នៅឡើយ បន្ទាប់ពី ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងការបន្តរីករាលដាលនៃមេរោគកូរ៉ូណាបំប្លែងថ្មីជាបន្តបន្ទាប់ ដែលបានបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលបាន និងកំពុងបញ្ចេញចំណាយអន្តរាគមន៍យ៉ាងច្រើនទប់ទល់នឹងវិបត្តិនេះ ព្រមជាមួយនឹងការត្រៀមដាក់ចេញនូវ «យុទ្ធសាស្ត្រស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី» សំដៅលើកស្ទួយជីវភាពរបស់ប្រជាជនទូទៅ៕
អត្ថបទ៖ វណ្ណៈ
