សារព័ត៌មានអ៊ុយក្រែន Zerkalo Tyzhnya និង Suspilne បានរាយការណ៍ថា ការផ្ទុះត្រូវបានគេឮ នៅក្នុងទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដែលមាន Odesa, Kropyvnytskyi, Kharkiv, Rivne និង Lutsk នាព្រឹកថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) នេះ ចំពេលមានសេចក្តីរាយការណ៍ពីការវាយប្រហារដោយមីស៊ីលតម្រង់គោលដៅរបស់រុស្ស៊ី។
រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក Herman Halushchenko បានសរសេរនៅលើបណ្ដាញ Facebook ថា៖ «ហេដ្ឋារចនាសម្ព័ន្ធថាមពល ត្រូវបានរងគ្រោះជាថ្មីម្តងទៀត ដោយសារការវាយប្រហារដ៏ធំរបស់សត្រូវ»។
ចំណែកអភិបាលក្រុង លោក Ihor Terekhov បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «សត្រូវនៅតែបន្តវាយប្រហារលើទីក្រុង Kharkov ដោយមីស៊ីល»។
ជាមួយគ្នានេះ តាមរយៈសារដាច់ដោយឡែកមួយ អភិបាលតំបន់ Odesa លោក Oleh Kiper បានជំរុញឲ្យអ្នកស្រុកស្នាក់នៅតែក្នុងទីជម្រកសុវត្ថិភាព៕


