ប្រមុខសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) បាននិយាយថា អំពើវិឆ្ឆេទកម្មនានារបស់រុស្ស៊ី ដែលដាក់គោលដៅលើលោកខាងលិច នៅទីបំផុតអាចនឹងជំរុញឲ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) ពិចារណាប្រើមាត្រា៥ ក្នុងខច្បាប់ការពារគ្នាទៅវិញទៅមករបស់សម្ព័ន្ធភាព។
ដោយនិយាយនៅឯព្រឹត្តិការណ៍មួយរបស់វិទ្យាស្ថានស្រាវជ្រាវ DGAP នាទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ប្រមុខ Bundesnachrichtendienst (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធរបស់អាល្លឺម៉ង់) លោក Bruno Kahl បានប្រាប់ថា លោករំពឹងថា ទីក្រុងមូស្គូនឹងបង្កើនសង្គ្រាមកូនកាត់របស់ខ្លួន។
លោកបានកត់សម្គាល់ថា៖ «ការប្រើប្រាស់យ៉ាងទូលំទូលាយនូវវិធានការកូនកាត់របស់រុស្ស៊ី បង្កើនហានិភ័យកាន់តែខ្លាំងឡើងៗ ដែលថា នៅទីបំផុត អង្គការណាតូនឹងពិចារណាប្រើមាត្រា៥ ក្នុងខច្បាប់ការពារគ្នាទៅវិញទៅមករបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ ការបង្កើនឡើងជាលំដាប់នៃសក្ដានុពលយោធារុស្ស៊ី មានន័យថា ការប្រឈមដាក់មុខគ្នាខាងយោធា ដោយផ្ទាល់ជាមួយអង្គការណាតូ ក្លាយជាជម្រើសមួយដែលអាចមាន សម្រាប់វិមានក្រឹមឡាំង»។
គួរបញ្ជាក់ថា ក្រោមច្បាប់មាត្រា៥ ប្រសិនបើប្រទេសសមាជិករបស់អង្គការណាតូណាមួយ រងការវាយប្រហារ សមាជិកផ្សេងទៀតនៃសម្ព័ន្ធភាពត្រូវមានកាតព្វកិច្ចជួយប្រទេសនោះឆ្លើយតប៕


