បេសកជនជាន់ខ្ពស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានបដិសេធសំណួរមួយ ដែលបញ្ជាក់ពីការដាក់ពង្រាយកងទ័ពរបស់ប្រទេសនេះ ទៅកាន់ប្រទេសរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំរបស់UN ជំនួសមកវិញដោយបញ្ជាក់ជាថ្មីថា ប្រទេសរបស់លោក នឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនងជាមួយរុស្ស៊ី។
លោក Kim Song តំណាងអចិន្ត្រៃយ៍របស់កូរ៉េខាងជើងប្រចាំនៅUN បានធ្វើការអត្ថាធិប្បាយនេះ ខណៈពេលដែលឆ្លើយតបទៅនឹងសំណួររបស់លោក Robert Wood តំណាងជំនួសរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃពុធ នៅទីក្រុងញូវយ៉ក (ម៉ោងនៅសហរដ្ឋអាមេរិក)។
លោក Wood បាននិយាយក្នុងអំឡុងកិច្ចប្រជុំនោះថា៖«ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ដើម្បី ជួយ រុស្ស៊ីធ្វើសង្រ្គាមឈ្លានពានខុសច្បាប់ប្រឆាំងនឹងអ៊ុយក្រែន...បានផ្លាស់ប្តូរជាមូលដ្ឋាននូវស្ថានភាពនៃសង្រ្គាមនេះ ដោយបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសន្តិសុខអឺរ៉ុបកាន់តែទូលំទូលាយ។
បន្ទាប់មក តំណាងសហរដ្ឋអាមេរិក បានបង្វែរការផ្តោតអារម្មណ៍ទៅកាន់លោក Kim ដោយសួរសំណួរដ៏សាមញ្ញមួយថាតើប្រទេសកូរ៉េខាងជើង បានពង្រាយកងទ័ព ទៅកាន់ប្រទេសរុស្ស៊ីដែរឬទេ?
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានអះអាងថា កូរ៉េខាងជើង បានបញ្ជូនទាហានជាង ១០.000 នាក់ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់សង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ហើយពួកគេមួយចំនួន បានចូលប្រយុទ្ធរួចហើយ នៅក្នុងតំបន់ព្រំដែន Kursk ភាគខាងលិចរបស់រុស្ស៊ី។

