ព្រិលធ្លាក់ខ្លាំងនៅកូរ៉េខាងត្បូង បានធ្វើឲ្យអាក់ខានដល់ជើងហោះហើរ និងនាវាចម្លង ហើយនិងបានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ ។
នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូងប្រឈមនឹងព្រិលធ្លាក់ខ្លាំងបំផុតជាប់កំណត់ត្រាសម្រាប់ថ្ងៃទី ២ជាប់ៗគ្នា ក្នុងនោះក្រុមអាជ្ញាធរ រាយការណ៍ថា មនុស្ស ៣នាក់ បានស្លាប់នៅខេត្ត Gyeonggi ជាទីដែលទីក្រុងសេអ៊ូលស្ថិតនៅ ។
យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឲ្យដឹងថា មនុស្សម្នាក់ បានស្លាប់ពេលដែលសំណាញ់គ្របកន្លែងហ្វឹកហាត់វាយកូនហ្គោលផ្ទុកដោយព្រិល បាក់សង្កត់លើនៅទីក្រុង Pyeongtaek ខណៈដែលមនុស្សម្នាក់ទៀត ត្រូវដើមឈើបាក់កិននៅទីក្រុង Yongin ។
កាលពីល្ងាចថ្ងៃពុធ នគរបាល រាយការណ៍ថា មនុស្ស ៤នាក់ បានស្លាប់ និង១១ នាក់ផ្សេងទៀត បានរងរបួស នៅពេលរថយន្តចំនួន ៥៣គ្រឿងបុកបន្តកន្ទុយគ្នា នៅលើផ្លូវហាយវ៉េ ស្ថិតក្នុងទីក្រុង Wonju ភាគខាងកើតប្រទេសកូរ៉េខាងត្បូង អំឡុងពេលមានព្រិលធ្លាក់ខ្លាំង ។
នគរបាលនិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីល្ងាច ម៉ោងក្នុងស្រុកថ្ងៃពុធ ហើយមនុស្ស ៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសស្រាល ។
ក្រសួងមហាផ្ទៃកូរ៉េខាងត្បូងនិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ ព្រិលកម្រាស់រហូតដល់ ៤០សង់ទីម៉ែត្រ បានកើតមាននៅតាមតំបន់ជាច្រើនក្នុងទីក្រុងសេអ៊ូល គិតត្រឹមវេលាម៉ោង ១១ព្រឹកម៉ោងក្នុងស្រុក ហើយជើងហោះហើរ ១៥៦វ៉ុល ត្រូវបានលុបចោល ហើយសេវាកម្មនាវាចម្លង ១០៤ជើង បានរងការអាក់ខាន ៕


