ស៊ូដង់៖ ក្រសួងព័ត៌មានរបស់ប្រទេសនេះបាននិយាយថា កងកម្លាំងយោធាបានចាប់ឃុំខ្លួននាយករដ្ឋមន្ត្រីបណ្ដោះអាសន្នស៊ូដង់លោក Abdalla Hamdok និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀតនៅថ្ងៃចន្ទនេះ។

ក្រុមអ្នកតវ៉ាស៊ូដង់ជាច្រើនបានប្រមូលផ្ដុំគ្នានៅតាមផ្លូវនានានៃទីក្រុងកាទូម (Khartoum) នៅថ្ងៃចន្ទនេះ ក្រោយក្រុមគាំទ្រប្រជាធិបតេយ្យដ៏សំខាន់របស់ប្រទេសនេះ អំពាវនាវឲ្យប្រជាពលរដ្ឋប្រឆាំងនឹងសកម្មភាពដែលទំនងជារដ្ឋប្រហារយោធា។ ក្រសួងនេះបាននិយាយថា បណ្ដាញ internet ត្រូវបានកាត់ផ្ដាច់ ហើយកងកម្លាំងយោធាបានបិទស្ពាននានា។ គណបក្ស Umma ដែលជាគណបក្សនយោបាយធំជាងគេបំផុតរបស់ប្រទេសនេះ បានហៅការចាប់ខ្លួននេះថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋចេញតវ៉ាប្រឆាំង។

ការដណ្ដើមកាន់កាប់អំណាចដោយយោធា នឹងក្លាយជាការទាញប្រទេសស៊ូដង់ឲ្យដើរថយក្រោយ ដែលបានព្យាយាមផ្លាស់ប្ដូរទៅជារបបដឹកនាំបែបលទ្ធិពលធិបតេយ្យ ចាប់តាំងពីរបបមេដឹកនាំលោក Omar al-Bashir ត្រូវបានផ្ដួលរំលំដោយការតវ៉ាទ្រង់ទ្រាយធំ។ ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់នៅថ្ងៃចន្ទនេះមានឡើង បន្ទាប់ពីភាពតានតឹងរយៈពេលជាច្រើនសប្ដាហ៍រវាងជនស៊ីវិល និងក្រុមមេដឹកនាំយោធាស៊ូដង់៕
អត្ថបទ៖ សុខមាន