យោងតាមការស្ទង់មតិពីវិទ្យាស្ថាន Ifop-Fiducial សម្រាប់វិទ្យុ Sud ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) នេះ បានបង្ហាញថា ប្រជាជនបារាំងប្រមាណជា ៥៣ភាគរយចង់ឲ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Michel Barnier ដួលរលំ ដោយសារតែមានកំហឹង ចំពោះការស្នើកញ្ចប់ថវិការបស់លោក។
ការស្ទង់មតិនោះបានបង្ហាញថា ប្រជាជន ៦៧ភាគរយ បានប្រឆាំងនឹងកញ្ចប់ថវិការបស់លោក Barnier ដែលស្នើឡើងដោយមានគោលបំណងកាត់បន្ថយឱនភាពសាធារណៈរបស់ប្រទេសបារាំង ដែលកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស តាមរយៈទឹកប្រាក់ ៦០ពាន់លានអឺរ៉ូ (៦៣ពាន់លានដុល្លារ) ពីការដំឡើងពន្ធ និងការកាត់បន្ថយការចំណាយ ខណៈដែល ៣៣ភាគរយគាំទ្រការស្នើនោះ។
ហើយបើយោងតាមប្រភពជាច្រើនមកពីគ្រប់មជ្ឈដ្ឋាននយោបាយ បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក Barnier អាចដួលរលំនៅមុនបុណ្យណូអែល ហើយប្រហែលជានៅសប្តាហ៍ក្រោយ ប្រសិនបើគូអរិខាងក្រុមស្តាំនិយមជ្រុល និងឆ្វេងនិយម ជំរុញឲ្យមានញត្តិដកសេចក្ដីទុកចិត្ត ពោលគឺជាសំណើដែលលោកទំនងជានឹងមិនអាចរួចផុតពីការបោះឆ្នោតទម្លាក់នោះទេ។
លទ្ធផលពីការស្ទង់មតិរបស់ Ifop-Fiducial នេះ គឺផ្អែកលើការសាកសួរ ចំពោះមនុស្ស ១.០០៦នាក់ ដែលបានធ្វើឡើងនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា។
រីឯនៅក្នុងការស្ទង់មតិរបស់ស្ថាប័ន Elabe សម្រាប់ទូរទស្សន៍ BFM កាលពីថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) ៦៣ភាគរយនៃអ្នកដែលត្រូវបានសួរពីការយល់ឃើញរបស់ខ្លួន បាននិយាយថា ប្រធានាធិបតី លោក Emmanuel Macron គួរតែលាលែងពីតំណែង ប្រសិនបើរដ្ឋាភិបាលរបស់លោក Barnier បានដួលរលំ៕

