ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើដំណើរទៅដល់ប្រទេសកាហ្សាក់ស្ថាន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ ដែលត្រូវបានគេរំពឹងទុកថា នឹងផ្តោតសំខាន់លើទំនាក់ទំនងថាមពល ។
មេដឹកនាំរុស្ស៊ីរូបនេះ ត្រូវបានស្វាគមន៍នៅអាកាសយានដ្ឋានស្ថិតក្នុងទីក្រុង Astana ដោយសមភាគីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ។
ក្រោយមកប្រធានាធិបតីទាំង ២នាក់ បានធ្វើដំណើរទៅកាន់វិមានប្រធានាធិបតី Akorda ជាទីដែលពិធីស្វាគមន៍ផ្លូវការត្រូវបានរៀបចំឡើង ។
វិមានក្រឹមឡាំង និយាយថា លោក Putinនឹងពិភាក្សាលើទំនាក់ទំនងថាមពល អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាហ្សាក់ស្ថានក្នុងសប្តាហ៍នេះ និងបានកើតឡើង ស្របពេលមានភាពតានតឹងពាណិជ្ជកម្មជាមួយប្រទេសនៅអាស៊ីកណ្តាលមួយនេះដែលការនាំចេញប្រេងរបស់ពួកគេភាគច្រើនឆ្លងកាត់ប្រទេសរុស្ស៊ី ។
កាហ្សាក់ស្ថានដែលព្យាយាមនៅឆ្ងាយពីសង្រ្គាមរបស់ទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន នៅតែពឹងផ្អែករុស្ស៊ីសម្រាប់ការនាំចេញប្រេងទៅកាន់ទីផ្សារលោកខាងលិច ហើយនិងសម្រាប់ការនាំចូលស្បៀងអាហារ អគ្គិសនី និងផលិតផលផ្សេងទៀត ។
នៅក្នុងអត្តបទសម្រាប់កាសែត Kazakhstanskaya Pravda ដែលបានចុះផ្សាយលើគេហទំព័រវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ លោក Putinនិយាយថា ប្រទេសរបស់ពួកយើងសហប្រតិបត្តិការលក្ខណៈស្ថាបនាលើវិស័យប្រេង និងឧស្ម័ន ។
អត្ថបទរបស់លោក Putinបានកើតមានឡើង ក្រោយរដ្ឋមន្រ្តីក្រសួងថាមពលកាហ្សាក់ស្ថាន និយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកអាចបង្កើនការនាំចេញប្រេងឆៅរបស់ខ្លួនចេញពីកំពង់ផែ Ceyhan របស់ទួរគី គឺជាវិធានការមួយនឹងកាត់បន្ថយការចែករំលែកលំហូរប្រេងដែលបច្ចុប្បន្នពួកគេបញ្ជូនឆ្លងកាត់រុស្ស៊ី ។
ដោយគូសបញ្ជាក់ថា ប្រេងកាហ្សាក់ស្ថានជាង ៨០ភាគរយទៅកាន់ទីផ្សារបរទេសឆ្លងកាត់រុស្ស៊ី លោក Putinនិយាយថា លោក និងលោកប្រធានាធិបតី Tokayev បានផ្តោតសំខាន់លើលទ្ធផលច្បាស់លាស់នៅក្នុងកិច្ចពិភាក្សារបស់ពួកគេ ៕


