ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់របស់ចិន ត្រូវបានបញ្ឈប់ពីតួនាទី ដោយសារ «ការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ» ដោយលោកគឺជាសមាជិកជាន់ខ្ពស់ចុងក្រោយបង្អស់របស់បក្សកុម្មុយនីស្ត ដែលបានធ្លាក់ចូលទៅក្នុងយុទ្ធនាការបង្រ្កាបអំពើពុករលួយយ៉ាងទូលំទូលាយ នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។
អ្នកនាំពាក្យក្រសួងការពារជាតិរបស់ទីក្រុងប៉េកាំង លោក Wu Qian បានប្រាប់សន្និសីទសារព័ត៌មានថា៖ បក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាច «បានសម្រេចព្យួរតួនាទីរបស់លោក Miao Hua ដោយរង់ចាំការស៊ើបអង្កេត»។
យ៉ាងណាក្ដី លោក Wu មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះឡើយ ពាក់ព័ន្ធនឹងការចោទប្រកាន់លើលោក Miao ដែលជាឧត្តមនាវីឯក និងជាសមាជិកនៃគណៈកម្មការយោធាមជ្ឈិមដ៏មានឥទ្ធិពលរបស់ទីក្រុងប៉េកាំង (CMC)។ ប៉ុន្តែ «ការបំពានវិន័យយ៉ាងធ្ងន់ធ្ងរ» ជាទូទៅត្រូវបានប្រើប្រាស់ដោយមន្ត្រី នៅក្នុងប្រទេសចិន ជាពាក្យពេចន៍ស្រាលជាងពាក្យអំពើពុករលួយ។
គួរបញ្ជាក់ថា លោក Miao បានអង្គុយនៅ CMC របស់ប្រទេសចិន ក្នុងចំណោមបុគ្គល ៥នាក់ផ្សេងទៀត ក្នុងរួមទាំងប្រធានាធិបតី លោក Xi Jinping (ស៊ី ជិនពីង) ដែលកាន់តំណែងកំពូលរបស់គណៈកម្មការផងដែរ។ លោកបានដឹកនាំនាយកដ្ឋានការងារនយោបាយរបស់ CMC ដែលជាការិយាល័យដ៏សំខាន់បំផុតរបស់ស្ថាប័នយោធាជាន់ខ្ពស់៕

