លោក Ali Amin Gandapur ដែលជាជំនួយការសំខាន់របស់អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan និយាយថា បាតុកររាប់រយនាក់ បានរងការបាញ់ប្រហារ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុង Islamabad អំឡុងបាតុកម្មបង្កភាពវឹកវរនៅក្នុងរដ្ឋធានីប្រទេសប៉ាគីស្ថានមួយនេះ ក្នុងសប្តាហ៍នេះ ។
នគរបាលនិយាយថា គ្មានអាវុធបណ្តាលឲ្យស្លាប់មនុស្ស ត្រូវបានប្រើប្រាស់នោះទេ ក្នុងប្រតិបត្តិការកាលពីយប់ថ្ងៃអង្គារ ហើយបាតុកររាប់រយនាក់ ត្រូវបានចាប់ខ្លួន ។
លោក Ali Rizvi គឺជាស្នងការនគរបាលក្រុង Islamabad និយាយកាលពីថ្ងៃពុធថា ក្រុមអាជ្ញាធរប៉ាគីស្ថាន បានចាប់ខ្លួនក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្រ្តីជាប់ពន្ធនាគារ Imran Khan ជិត ១ពាន់នាក់ ដែលបានវាយប្រហាររដ្ឋធានីមួយនេះ ក្នុងសប្តាហ៍នេះ ដើម្បីទាមទារឲ្យដោះលែងរូបលោក ។
លោក Rizvi បានច្រានចោលថា គ្រាប់រំសេវពិត ពុំត្រូវបានប្រើប្រាស់នោះទេ អំឡុងប្រតិបត្តិការរបស់នគរបាល ដែលបានអនុវត្តជាមួយទាហានប៉ារ៉ា ។
អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងព័ត៌មានប៉ាគីស្ថាន និងនគរបាលក្រុង Islamabad ពុំបានឆ្លើយតបនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយលើការចោទប្រកាន់ថា មនុស្សរាប់រយនាក់ ត្រូវបានបាញ់ប្រហារដោយកងកម្លាំងសន្តិសុខ ៕


