ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីនឹងជ្រើសរើសគោលដៅនៅអ៊ុយក្រែនដែលអាចរួមទាំងមន្ទីរសម្រេចចិត្តស្ថិតក្នុងទីក្រុងគីវ ជាការឆ្លើយតបនឹងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ចូលក្នុងទឹកដីរុស្ស៊ី ដោយប្រើប្រាស់អាវុធលោកខាងលិច ។
មកទល់នឹងពេលនេះ ការវាយប្រហាររបស់រុស្ស៊ីពុំបានត្រូវអគាររដ្ឋាភិបាលនៅក្នុងរដ្ឋធានីអ៊ុយក្រែនមួយនេះឡើយ ។
ទីក្រុងគីវ ត្រូវបានការពារយ៉ាងរឹងមាំដោយប្រព័ន្ធការពារដែនអាកាស ប៉ុន្តែលោក Putinនិយាយថា មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៊ី ដែលពួកគេបាញ់ជាលើកដំបូងលើទីក្រុងរបស់អ៊ុយក្រែនកាលពីសប្តាហ៍មុន គ្មានលទ្ធភាពបាញ់ស្កាត់បានឡើយ ។
លោក Putinនិយាយប្រាប់ជំនួបសម្ព័ន្ធមិត្តសន្តិសុខអតីតប្រទេសសហភាពសូវៀតនៅប្រទេសកាហ្សាក់ស្ថានថា ជាការពិតណាស់ថា ពួកយើងនឹងឆ្លើយតបចំពោះការវាយប្រហារលើដែនដីរុស្ស៊ីជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយផលិតនៅលោកខាងលិច រួមទាំងលទ្ធភាពនៃការបន្តវាយប្រហារដោយមីស៊ីល Oreshnik ក្នុងលក្ខខណ្ឌសង្រ្គាម ដូចដែលបានធ្វើកាលពីថ្ងៃទី ២១ ខែវិច្ឆិកាកន្លងទៅ ។
លោកបន្តថា បច្ចុប្បន្ន ក្រសួងការពារជាតិរុស្ស៊ី និងនាយអគ្គសេនាធិការកងទ័ព នឹងជ្រើសរើសគោលដៅវាយប្រហារលើដែនដីរបស់អ៊ុយក្រែន ។ ទាំងនេះអាចជាទីតាំងយោធា សហគ្រាសការពារជាតិ និងសហគ្រាសឧស្សាហកម្ម ឬអាចជាមន្ទីរសម្រេចចិត្តនៅក្នុងទីក្រុងគីវ ។
រុស្ស៊ី និយាយថា អ៊ុយក្រែន បានបាញ់មីស៊ីលបាលីស្ទិក ATACMS របស់សហរដ្ឋអាមេរិកចូលទៅកាន់តំបន់ភាគខាងលិចរុស្ស៊ី ជាលើកដំបូងកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា បង្ខំឲ្យពួកគេឆ្លើយតបវិញរយៈពេល ២ថ្ងៃក្រោយ ដោយបាញ់មីស៊ីល Oreshnik ដែលជាមីស៊ីលរយៈចម្ងាយមធ្យមប្រភេទថ្មីលើទីក្រុង Dnipro របស់អ៊ុយក្រែន ៕