អាជ្ញាធរ នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងរយៈពេល ៣ថ្ងៃ បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀស នៅភាគខាងត្បូងប្រទេសថៃ ខណៈដែលការធ្លាក់ភ្លៀងត្រូវបានព្យាករថា នឹងមានរយៈពេលច្រើនថ្ងៃទៀត។
លោក Wasan Chaitaweewong ប្រធាននាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ក្នុងតំបន់ បានប្រាប់សារព័ត៌មាន AFP ថា ទឹកជំនន់បានបណ្ដាលឲ្យសិស្សម្នាក់បាត់បង់ជីវិត នៅក្នុងខេត្ត Narathiwat និងបាននាំឲ្យមនុស្សជាង ២.៧០០នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ លោកបានបន្តថា ភ្លៀងធ្លាក់ច្រើនថ្ងៃនេះ ក៏បានបង្ខំឲ្យបិទសាលារៀនមូលដ្ឋានចំនួន ៦៥កន្លែងផងដែរ។
យោងតាមនាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹងថា ការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង នៅតែមានដដែល ដោយមានការព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិត ៧០ភាគរយ នៅទូទាំងខេត្ត រហូតដល់ដើមខែធ្នូ។ ទាហាន និងអ្នកស្ម័គ្រចិត្តជាង ៥០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីចែកអំណោយសង្គ្រោះ និងជួយជម្លៀសអ្នកស្រុកទៅកាន់តំបន់សុវត្ថិភាព។
អភិបាលខេត្ត Narathiwat លោក Trakul Totham បាននិយាយថា ក្រុមមួយត្រូវបានបង្កើតឡើង ដើម្បីពន្លឿនដល់ការបង្ហូររំដោះទឹក នៅតំបន់ដែលរងផលប៉ះពាល់៕