ក្រុមមន្រ្តីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមជួយសង្រ្គោះឥណ្ឌូនេស៊ី បានដើរកាត់ភក់ និងដើមឈើបាក់ ដើម្បីស្វែងរកអ្នកដំណើរដែលបានជាប់នៅក្នុងរថយន្តក្រុងជាប់ក្រោមបំណាក់ដី ហើយនិងជនរងគ្រោះផ្សេងទៀត ក្រោយទឹកជំនន់ដ៏គំហក់បានវាយប្រហារស្រុក Sibolangit និងតំបន់ជាច្រើនទៀតក្នុងខេត្តស៊ូម៉ាត្រាខាងជើង ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៧នាក់ ។
ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី និយាយថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តមួយនេះ ចាប់តាំងពីសប្តាហ៍មុនមក បណ្តាលឲ្យមានទឹកជំនន់ដ៏គំហក់ និងបំណាក់ដៅនៅតាមស្រុកចំនួន ៤ផ្សេងៗគ្នា ។
រូបភាពវីដេអូឃ្លីបទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រពីអ្នកភូមិ ឃើញផ្លូវថ្នល់រងការខូចខាតយ៉ាងដំណំ គ្របដណ្តប់ដោយគំនរភក់ និងឈើធំៗ ។
ភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានទឹកជំន់ផងដែរនៅរដ្ឋធានី Medan ខេត្តស៊ូម៉ាត្រាខាងជើង បង្ខំឲ្យមានការពន្យាពេលការបោះឆ្នោតថ្នាក់មូលដ្ឋាននៅតាមមណ្ឌលបោះឆ្នោតមួយចំនួន ។
ទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៊ី បានព្រមានថា អាកាសធាតុអាក្រក់ ត្រូវបានគេរំពឹងថា នឹងវាយប្រហារប្រទេសឥណ្ឌូនេស៊ី រហូតដល់ដំណាច់ឆ្នាំ ២០២៤ ស្របពេលដែលបាតុភូត ឡា នីញ៉ា ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនកើនឡើងនៅទូទាំងប្រជុំកោះត្រូពិក ។
ដោយឡែក សង្កាត់ជាច្រើននៅក្នុងរដ្ឋធានីហ្សាកាតា បានរងការជន់លិចផងដែរ ដោយសារភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ ៕