ទិន្នន័យផ្លូវការ បានបង្ហាញថា ចំនួនជនអន្តោប្រវេសន៍សុទ្ធ នៅចក្រភពអង់គ្លេស បានកើនឡើងដល់ជាង ៩០០.០០០នាក់ ក្នុងឆ្នាំ២០២៣ ដែលកម្រិតខ្ពស់ជាងការប៉ាន់ប្រមាណដើម ទោះបីជាច្បាប់ទិដ្ឋាការដ៏តឹងរ៉ឹង បានចាប់ផ្តើមកាត់បន្ថយចំនួនអ្នកធ្វើដំណើរទៅដល់ក៏ដោយ។
គួរបញ្ជាក់ថា អន្តោប្រវេសន៍ គឺជាបញ្ហានយោបាយដ៏ធំមួយ នៅក្នុងប្រទេសអង់គ្លេស ដែលអ្នកបោះឆ្នោតព្រួយបារម្ភថា សេវាសាធារណៈដែលជួបបញ្ហារួចហើយនោះ មិនអាចទប់ទល់នឹងការហូរចូលក្នុងចំនួនដ៏ច្រើនបែបនេះ ប៉ុន្តែវិស័យផ្សេងទៀត ដូចជាការថែទាំសុខភាពជាដើម លើកឡើងថា សេវាកម្មទាំងនេះមិនអាចដំណើរការដោយគ្មានពលករបរទេសបានឡើយ។
ទិន្នន័យពីការិយាល័យស្ថិតិជាតិ (ONS) នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញពីចំនួនអន្តោប្រវេសន៍សុទ្ធប្រចាំឆ្នាំចំនួន ៩០៦.០០០នាក់ ដោយគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ ដែលចំនួននេះបានកែប្រែពីការប៉ាន់ប្រមាណពីមុន ៧០៤.០០០នាក់ ជាអ្វីដែល ONS បានពិពណ៌នាថា ជា «កម្រិតដែលមិនធ្លាប់មានពីមុនមក» គិតចាប់តាំងពីឆ្នាំ២០២១។
ONS បានឲ្យដឹងថា ចំនួនពិតជាបានធ្លាក់ចុះ ២០ភាគរយ ដោយធ្លាក់មកត្រឹមចំនួនខ្ពស់បំផុតប្រចាំឆ្នាំ ៧២៨.០០០នាក់ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤ ដែលកម្រិតនេះត្រូវបានជំរុញដោយការថយចុះចំនួនអ្នកក្នុងបន្ទុក ពោលគឺជាអ្នកត្រូវមកជាមួយនឹងអ្នកដែលចូលប្រទេសនេះជាមួយទិដ្ឋាការសិក្សា បន្ទាប់ពីច្បាប់ត្រូវបានកែប្រែ។
ការកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៣ បានកើតមានឡើងក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលនៃគណបក្សអភិរក្សនិយម។ នាពេលនោះ រដ្ឋាភិបាលបានសន្យាថា នឹងកាត់បន្ថយចំនួនអន្តោប្រវេសន៍ និងដាក់ចេញនូវវិធានការទប់ស្កាត់សិស្សានុសិស្ស និងបុគ្គលិកថែទាំមិនឲ្យនាំសមាជិកគ្រួសារមកជាមួយ។
រដ្ឋាភិបាលបច្ចុប្បន្នរបស់គណបក្សការងារដែលជាប់ឆ្នោតកាលពីខែកក្កដា ក៏បានលើកឡើងដែរថា ខ្លួនចង់កាត់បន្ថយចំនួនអន្តោប្រវេសន៍ ដោយការបណ្តុះបណ្តាលកម្មករ ដើម្បីបំពេញកង្វះខាតផ្នែកជំនាញ៕