ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានថ្លែងថា មានក្រុមហ៊ុនមកពីប្រទេសជប៉ុន បានចាប់អារម្មណ៍ធ្វើការវិនិយោគដាំដំណាំដើមដំបងយក្ស និងដាំស្វាយចន្ទី ដើម្បីចូលរួមកសាងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន ។
ក្នុងកិច្ចប្រជុំតាម Zoom ជាមួយដៃគូជប៉ុនជាក្រុមជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យាឧបករណ៍បោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំនេះ មានក្រុមហ៊ុនជប៉ុនបានបង្ហាញនូវគោលបំណង ចង់ចូលរួមអភិវឌ្ឍន៍ដំណាំកសិកម្ម នៅតំបន់ដែលបោសសំអាតគ្រាប់មីនរួច ។
ឯកឧត្តម បន្តថា ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជានេះ មានក្រុមហ៊ុនជប៉ុនចង់ធ្វើការ វិនិយោគដាំដំណាំដើមដំបងយក្ស ដែលដើមវាអាចផលិតជាចំណីអាហារ និងទឹកផ្លែឈើ មានទីផ្សារធំទូលាយរួចហើយ ជាមួយនេះក្រុមហ៊ុនចង់ដាំដំណាំស្វាយចន្ទី និងក្រុមវិនិយោគជប៉ុនមួយចំនួនទៀត មានចេតនាចូលរួមកសាងសេដ្ឋកិច្ច ជាមួយពលរដ្ឋខ្មែរ ដែលមានដីក្រោយបោសសំអាតមីនរួច ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអគ្គនាយក បានលើកជាគំនិតផ្ដួចផ្ដើម ស្នើសុំអភិវឌ្ឍគម្រោងដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋគ្មានដីធ្លី ដើម្បីកសាងសេដ្ឋកិច្ចថ្មី ដោយធ្វើសមាហរណកម្ម ការរំដោះដីមានបញ្ហាគ្រាប់មីន សង់លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវ ធារាសាស្ត្រ សាលារៀន ផ្សារ រោងចក្រផលិតផលកសិកម្ម បម្រើក្នុងស្រុក និងនាំចេញ” ។
ឯកឧត្តម ហេង រតនា បានបន្ថែមថា ការចូលរួមរបស់ក្រុមហ៊ុនជប៉ុននេះ នឹងធ្វើឲ្យពលរដ្ឋក្រីក្រមានលំនៅដ្ឋាន មានមុខរបរ មានប្រាក់ចំណូល មានផលិតផលកសិកម្មរយៈពេលខ្លី រយៈពេលមធ្យម និងដំណាំយុទ្ធសាស្ត្ររយៈពេលវែង មានទីផ្សារច្បាស់លាស់ តាមរយៈកសិកម្មតាមកិច្ចសន្យា ជាមួយក្រុមហ៊ុនជប៉ុន ដែលមានរាជរដ្ឋាភិបាលផ្តល់ដីសម្បទានសង្គមកិច្ច ក្រុមហ៊ុនវិនិយោគជាមួយពលរដ្ឋ មានកំលាំងពលកម្មនៅក្នុងមូលដ្ឋានជាស្រេច ដោយគ្មានទំនាស់ដីធ្លីឡើយ ។
ឯកឧត្តម បានបញ្ជាក់ថា គំរោងបែបនេះ អាចទាក់ទាញបាននូវការគាំទ្រពេញទំហឹង ពីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋគ្មានដីធ្លី និងគាំទ្រចំពោះយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនិងដឹកនាំប្រទេសទៅជាប្រទេសអភិវឌ្ឍន៍ត្រឹមឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ។
ក្នុងកិច្ចប្រជុំនោះ ដៃគូជប៉ុនចាប់អារម្មណ៍ជាខ្លាំង ជាមួយគំនិតផ្តួចផ្តើម របស់ឯកឧត្តម អគ្គនាយក និងបានសំណូមពរឱ្យគិតគូររៀបចំខ្លឹមសារ ដើម្បីអភិវឌ្ឍន៍ឱ្យក្លាយ ជាការពិត ជាក់ស្តែងតែម្តង ៕



