មនុស្សជាង ១០នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត សង្ស័យថាបានស្លាប់ ក្រោយភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានបំណាក់ដីជាច្រើនកន្លែង នៅតំបន់ភាគខាងកើតប្រទេសអ៊ូហ្គង់ដា ។
ក្រុមកាកបាទក្រហមអ៊ូហ្គង់ដា និយាយនៅថ្ងៃពុធនេះថា សាកសពមនុស្សយ៉ាងហោច ១៣នាក់ ត្រូវបានរកឃើញ ក្រោយបំណាក់ដីកប់ពន្លិចផ្ទះ ៤០ខ្នងនៅតាមភូមិចំនួន ៦ ស្ថិតក្នុងស្រុកតំបន់ភ្នំ Bulambuli កាលពីយប់កន្លងទៅ ។
រូបភាពនៅលើសារព័ត៌មានក្នុងស្រុកឃើញបំណាក់ដីដ៏ធំ គ្រប់ពីលើភូមិ Masugu ដែលចំណាយពេលជិះរថយន្តប្រហែល ៥ម៉ោងពីរដ្ឋធានី Kampala ។
រូបភាពវីដេអូឃ្លីប និងរូបថតសន្លឹកដែលបានបង្ហោះលើបណ្តាញព័ត៌មានសង្គម ឃើញមនុស្សជីករកអ្នករស់រាននៅក្នុងភូមិ Kimono ។
ក្រុមកាកបាទក្រហមអ៊ូហ្គង់ដា បាននិយាយថា ប្រតិបត្តិការជួយសង្រ្គោះ កំពុងបន្ត ប៉ុន្តែចំនួនមនុស្សស្លាប់ ទំនងជាកើនឡើងបន្ថែមទៀត ៕