យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងទ័ពអាកាសរបស់ខ្លួនបានវាយប្រហារទីតាំងដែលប្រើប្រាស់ដោយក្រុមហេសបូឡា ស្តុកគ្រាប់រ៉ូកែតរយៈចម្ងាយមធ្យមនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍ ២៨ វិច្ឆិកា បន្ទាប់ពីភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់ដែលមានគោលបំណងបញ្ឈប់ការប្រយុទ្ធអស់រយៈពេលជាងមួយឆ្នាំ។

អ៊ីស្រាអែលបាននិយាយថាខ្លួនក៏បានបើកការបាញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍ឆ្ពោះទៅរកអ្វីដែលខ្លួនហៅថា "ជនសង្ស័យ" ដោយមានរថយន្តជាច្រើនគ្រឿងដែលមកដល់តំបន់មួយចំនួនក្នុងតំបន់ភាគខាងត្បូង ដោយនិយាយថានោះជាការរំលោភលើបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ ដែលបានចូលជាធរមានកាលពីថ្ងៃពុធ២៧វិច្ឆិកាសប្ដាហ៍នេះ។

សមាជិកសភាក្រុមហេសបូឡា លោក Hassan Fadlallah បានចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើកិច្ចព្រមព្រៀងនេះ។
លោក Fadlallah បានប្រាប់អ្នកសារព័ត៌មានថា សត្រូវអ៊ីស្រាអែលកំពុងវាយប្រហារអ្នកដែលត្រឡប់ទៅភូមិព្រំដែនវិញ ដោយបន្ថែមថាមានការរំលោភពីសំណាក់អ៊ីស្រាអែលនាពេលបច្ចុប្បន្ននេះ ទោះបីជាស្ថិតក្នុងទម្រង់នេះក៏ដោយ ។

ក្រោយមក កងទ័ពលីបង់ បានចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើបទឈប់បាញ់ជាច្រើនដងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ការចោទប្រកាន់ដាក់គ្នានេះបានបង្ហាញពីភាពផុយស្រួយនៃបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង ដើម្បីបញ្ចប់ជម្លោះស្របពេលគ្នាជាមួយនឹងសង្គ្រាមហ្កាហ្សា។បទឈប់បាញ់នេះមានរយៈពេល៦០ថ្ងៃក្នុងក្តីសង្ឃឹមឈានដល់ការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍៕