ភ្នំពេញ ៖ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែតុលានេះ បន្តទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ខណៈយុទ្ធនាការគ្រោងនឹងបញ្ចប់នៅចុងខែនេះ។
ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងដូសទី៣ នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែតុលានេះ បានប្រាប់BTVឱ្យដឹងថា មូលហេតុដែលមកទទួលការចាក់វ៉ាក់សាំងគឺដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទDelta។ ក្រៅពីនេះ ពួកគាត់បានអគុណចំពោះសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ដែលស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬហៅថា ដូសជំរុញ ជូនពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅរាជធានីភ្នំពេញ បានចាប់ផ្តើមឡើងពីថ្ងៃទី១១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែតុលា ក្នុងខណ្ឌចំនួន១១ ខណៈខណ្ឌបីទៀត រួមមាន ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ នឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែតុលានេះ។
នៅកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម៕
អត្ថបទ៖ ទូច សោភ័ណ