លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ ២៨ វិច្ឆិកា សប្ដាហ៍នេះ បានគំរាមថាខ្លួននឹងសម្រេចចិត្តវាយប្រហាររដ្ឋធានីគីវ(Kyiv)ដោយប្រើមីស៊ីលល្បឿនលឿនជាងសំឡេងថ្មីរបស់រុស្ស៊ី ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងមូស្គូបានវាយប្រហារបណ្តាញថាមពលរបស់អ៊ុយក្រែនដែលបណ្ដាលឱ្យមនុស្សរាប់លាននាក់គ្មានថាមពលប្រើប្រាស់។

យោងតាមរដ្ឋធានី Kyiv កងកម្លាំងរុស្ស៊ី បានបាញ់មីស៊ីលជាង៩០ គ្រាប់ និងយានដ្រូនប្រហែល ១០០ គ្រឿង ដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអ្វីដែលរូបលោកហៅថាជាសកម្មភាពបំផ្លិចបំផ្លាញ របស់រុស្ស៊ី។ លោក Putinបាននិយាយថា ការទម្លាក់គ្រាប់បែកថ្មីនេះ គឺជាការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើទឹកដីរបស់រុស្ស៊ី ដោយប្រើមីស៊ីលរបស់លោកខាងលិច។

សង្រ្គាមមានអាយុកាលជិតបីឆ្នាំ ត្រូវគេមើលឃើញមានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយភាគីទាំងពីរបានដាក់ពង្រាយសព្វាវុធថ្មីៗក្នុងគោលបំណងយកឈ្នះរៀងៗខ្លួន មុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ចូលកាន់តំណែងក្នុងខែមករាខាងមុខ។

មេដឹកនាំរុស្ស៊ី រូបនេះ បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានី អាស្តាណា(Astana) ប្រទេសកាហ្សាក់ស្ថាន ថា យើងមិនច្រានចោលការប្រើប្រាស់មីស៊ីល Oreshnik ប្រឆាំងនឹងយោធា ឧស្សាហកម្មយោធា ឬ ធ្វើការសម្រេចចិត្ត រួមទាំងនៅរដ្ឋធានី Kyiv ផងដែរនោះទេ ដោយសំដៅទៅលើមីស៊ីលល្បឿនលឿនជាងសំឡេង។
រុស្ស៊ីបានសាកល្បងមីស៊ីលផ្លោង Oreshnik ប្រភេទថ្មីរបស់ខ្លួននៅលើទឹកដីអ៊ុយក្រែនកាលពីសប្តាហ៍មុន ហើយលោកបានអួតកាលពីថ្ងៃព្រហស្បតិ៍ថា ការបាញ់អាវុធជាច្រើនក្នុងពេលតែមួយនឹងមានកម្លាំងប្រហាក់ប្រហែលនឹងការវាយប្រហារដោយនុយក្លេអ៊ែរ ឬអាចម៍ផ្កាយធ្លាក់មកលើភពផែនដី៕